(កំពង់ចាម)៖ «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍»។ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ របស់របស់សាខាសមាគម ដោយមានការអញ្ជើញ ចូលរួមពី លោក-លោកស្រី ថ្នាក់ដឹកនាំ និងអ្នកនាង កញ្ញា ជាសមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាមចំនួន១៨០នាក់។
លោកស្រី ញូង ចរិយា បានថ្លែងថា ក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី សូមសម្ដែងនូវការកោតសរសើរ ចំពោះលោកស្រី ប្រធានប្រតិបត្តិសាខាសមាគម ដែលបានដឹកនាំ និងខិតខំប្រឹងប្រែង ជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះ ក្នុងខេត្តរបស់យើង ដែលលទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។
លោកស្រី ញូង ចរិយា បានសង្កត់ធ្ងន់ថា «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល»។
លោកស្រីបន្តថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រ នឹងត្រូវបាត់បង់ផងដែរ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។
លោកស្រី ញូង ចរិយា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាមានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ដូចដែលយើងបានឃើញក្នុងបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនោះដែរ លោកស្រីប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិកាសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សូមយកចិត្តទុកដាក់ផ្តោតលើការងារសំខាន់ៗ ដែលជាអាទិ៍មាន៖
*ត្រូវចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បីចៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេស COVID-19
*ត្រូវបន្តអនុវត្តឲ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និងពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យកាន់តែរឹងមាំ
*ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងផ្នែកជំនាញ និងបច្ចេកទេស ដើម្បីជាផលប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេស ស្ត្រី និងកុមារ៕