(ភ្នំពេញ)៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតវត្ថុតាងបានជាច្រើនតោន។
ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាង រួមមាន៖
* សាប៊ូចម្រុះម៉ាកចំនួន ១២៤កេស ស្មើ ២,៧៨៩គីឡូក្រាម
* ទឹកលាងក្រចកចំនួន ៥៥កេស ស្មើ ១,៥៧៥គីឡូក្រាម
* ម៉ាស Medical Face Mask ចំនួន ១,៨០០ប្រអប់
* ម្ជុលជ័រចាក់សេរ៉ូមចំនួន ១,០០០ដើម។
បន្ទាប់មក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារៈទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕