(ភ្នំពេញ)៖ ជាកិច្ចតបស្នងនូវគុណូបការៈ ដល់មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ទីប្រឹក្សាសម្តេចសង្ឃ ទេព វង្ស ដែលបានកសាងវត្តថ្មី ហៅវត្តខេមរៈប៊ុណ្ណា និងសមិទ្ធផលនានាក្នុងវត្តនេះ អស់រយៈកាល១៦ឆ្នាំកន្លងមក ដែលស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រះចៅអធិការវត្ត យ៉ា ដារិន បានរៀបចំពិធីស្រោចសុគន្ធវារីជូនពួកគេ ដែលជាមាតា បិតាឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកស្រី។
ពិធីនេះបានធ្វើឡើង ក្រោមព្រះអធិបតីភាពរបស់សម្តេចព្រះពោធិវាំង អ៊ុំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។ មហាឧបាសក លឹម ឈុន អាយុ៨៩ឆ្នាំ និងមហាឧបាសិកា ចាយ គង់ អាយុ ៨១ឆ្នាំ ដែលស្ទើរមួយជីវិតមហាឧបាសក និងមហាបាសិកា បានធ្វើបុណ្យដាក់ទាន សមាទានសីល កសាងតែអំពើល្អ ដើម្បីសន្សំកុសលផលបុណ្យជូនដល់សាច់ញាតិ ដែលបានចែកឋានទៅកាន់សុគតិភព ជាពិសេស លោកតាលោកយាយ សូមបួងសួងនូវវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីព្រះអង្គវត្តថ្មី ហៅវត្តខេមរៈប៊ុណ្ណារាម តាមជួយបីបាច់ថែរក្សា ដល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងកូនចៅ សូមជួបតែសេចក្តីសុខ និងសំណាងល្អជានិរន្ត។
សូមបញ្ជាក់ថា វត្តថ្មី ហៅវត្តខេមរៈប៊ុណ្ណារាមនេះ បានកសាងឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយមហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ជាអ្នកផ្តួចផ្តើមកសាងអស់រយៈកាល១៦ឆ្នាំមកហើយ។ សមិទ្ធផលរួមមានមហាកុដិ ព្រះវិហាដ៏ធំ និងសាលាឆាន់ ជាសមិទ្ធផលសំខាន់ៗជាច្រើនទៀត។
សម្រាប់ទីវត្តអារាមមួយនេះ ឧបាសក ឧបាសិកា បានចូលរួមកសាងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះរហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ៕