(ពោធិ៍សាត់)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផលក្រគរ, កម្លាំងអធិការនគរបាលស្រុក, មេភូមិ និងអនុភូមិ, ប្រជាសហគមន៍ និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ដែលកំពុងតែកើតមានពេញបន្ទុក ធ្វើឲ្យរាំងស្ទះផ្លូវទឹក និងការធ្វើចរាចរណ៍របស់ត្រី នៅព្រំប្រទល់ស្រុកក្រគរ និងស្រុកបរិបូណ៌។
ប្រតិបត្តិការនេះ ធ្វើឡើងចាប់ផ្ដើមនាវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង៤នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ចាប់ពីចំណុចកោះទន្លាក្រាស់ តំបន់កដប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (លើផ្ទៃទឹកបឹងទន្លេសាប)។
បើតាមលោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រតិបត្តិការនេះអនុវត្តទៅបាន គឺដោយមានការសម្របសម្រួល ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងដោយបានការបញ្ជាផ្ទាល់ពី លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្ត។
លោកវរសេនីយ៍ទោ បានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញធ្វើមួយថ្ងៃពេញ ហើយប្រសិនបើជានៅមានបន្តទៀត នឹងអនុវត្តនៅថ្ងៃបន្តបន្ទាប់ រហូតបទល្មើសបានស្រាកស្រាន្ត។ លោកស្នងការរង បន្ថែមថា ភាគច្រើនបទល្មើស គឺមកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយពួកគេចូលមកដាក់របាំងសាច់អួន, បរ និងសម្រាស់ នៅលើតំបន់កដប ស្ថិតក្នុងភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបន្ថែមថា ឧបករណ៍ល្មើសច្បាប់ទាំងនោះ គឺសុទ្ធសឹងជាឧបករណ៍ដែលថ្មី និងទំនើប ដែលអាចស្ទាក់ចាប់ត្រីចម្រុះគ្រប់ប្រភេទ ជាពិសេសធ្វើឲ្យខាតបង់ធនធានជលផលស្ទើរគ្មានសល់។
ជាលទ្ធផល ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបង្ក្រាបបាន៖ របាំងសាច់អួន ចំនួន៣១ខ្សែ ប្រវែង២១,៧០០ម៉ែត្រ, ក្បាលបរ ចំនួន៥១គ្រឿង, បង្គោលឈើ និងឬស្សីឃ្លី ចំនួន៩៨៣០ដើម, លូកងស្បៃមុង ចំនួន៧គ្រឿង និងចាក់លែងត្រី ព្រមទាំងកូនត្រីចម្រុះ ចំនួន៦០៧គីឡូក្រាម។
ចំពោះវត្ថុតាង ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយឡែកជនសង្ស័យ កម្លាំងជំនាញបាននិងកំពុងកំណត់មុខសញ្ញា នាំខ្លួនមកចាត់ការតាមនីតិវិធី៕