Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចឃុំខ្លួន ប្រធាន​​គណនេយ្យ​​ក្រុម​​ហ៊ុន​​ពិភព​ថ្មីគ្រុប ​និង​ប្តី​កិប​កេង​​ប្រាក់​​ជាង​៣៧ម៉ឺន​​ដុល្លារ​​យក​​លេង​​​ល្បែង

22-02-2016 15:56

​(ភ្នំពេញ)៖ មន្រ្តីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រី​ម្នាក់​ជាប្រធាន​គណនេយ្យនៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មីគ្រុប ​និង​ប្តី​​ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជាង​៣៧ម៉ឺន​ដុល្លារ​ យក​ទៅ​លេង​ល្បែង​ចាញ់​អស់​ ត្រូវ​បានចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេចនៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។

ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​លោក​ តុប​ ឈុន​ឡុង​ ព្រះរាជអាជ្ញា​រងចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​បទ​ឆបោក​ និង​បទ​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​ ឬ​បុគ្គល​ដទៃទៀត។

សូមជំរាបថា ជនសង្ស័យមានឈ្មោះ ផាត ចរិយា អាយុ ៣៨ឆ្នាំ អតីតប្រធានគណនេយ្យក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និង ប្តីឈ្មោះ ហ៊ កុសល អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ជាង ៣៧ម៉ឺនដុល្លារអាមេរិក។ ដោយនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីឆបោកខាងលើនេះ។ ស្ត្រីឈ្មោះ ផាត ចរិយា បានសារភាពថា លុយទាំងនេះ ខ្លួនបានយកឲ្យប្តីលេងល្បែងចាញ់អស់។

ដោយនៅរសៀលថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ប្រធាន​គណនេយ្យ​ក្រុម​ហ៊ុន​ពិភពថ្មីគ្រុប ​និង​ប្តី​កិបកេង​ប្រាក់​ជាង​៣៧ម៉ឺន​ដុល្លារ​៕