(កោះកុង)៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៏ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកកោះកុង ស្រាវជ្រាវរកជនដៃដល់ករណីរំលោភសម្លាប់គិតទុកជាមុន ស្ថិតនៅចំណុចដីខ្មៅ ភូមិដីទំនាប់ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ករណី ឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីខ្មៅ ភូមិដីទំនាប់ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ជនសង្ស័យឈ្មោះហុីម សាអាត ហៅ អ៊ូ អារីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ KK១ ស្នាក់នៅបណ្តោះអាសន្ននៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ជនរងគ្រោះឈ្មោះ ឆ.ស.វ ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រKKN៤។ លោកវរៈសេនីយ៏ឯកបានបន្តថា ក្រោយពីបានទទួលព័ត៌មានពីសាច់ញាតិថា បាត់ដំណឹងក្មួយភ្លាមសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសហការណ៍ជាមួយកម្លាំងអធិការស្រុក ប្រើរយៈពេល៣៦ម៉ោង ក្នុងការស្រាវជ្រាវទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយការធ្វើកោសលវិច្ច័យទៅលើសាកសព បញ្ជាក់ឲ្យឃើញថាជនសង្ស័យបានយកដំបងវ៉ៃទៅលើផ្ទៃមុខបែកខ្ទេច ខ្វេះភ្នែកម្ខាង រិតក ដងខ្លួនសពគ្មានខោអាវហើយនៅកន្លែងប្រដាប់ភេទមានស្នាមរបួសផងដែរ។
តាមការសាភាពរបស់ជនសង្ស័យបានសាភាពថា ខ្លួន និងជនរងគ្រោះមានទីលំនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ជាមួយគ្នា។ ជនសង្ស័យបានបន្តថា ខ្លួនបានដឹងថា ជនរងគ្រោះចង់ទៅលេងផ្ទះដោយនឹកកូន ខ្លួនក៏សន្យាថាខ្លួន នឹងជូនទៅដោយជិះម៉ូតូទៅជាមួយគ្នា ដល់ចំណុចកើតហេតុ ខ្លួនជាជនសង្ស័យបានឈប់ម៉ូតូហើយចាប់ជនរងគ្រោះចូលព្រៃធ្វើសកម្មភាពរំលោភ តែនាងរើបម្រះខ្លាំងដោយខ្លាចបែកការណ៏ក៍សម្លាប់បំបិតមាត់ម្តងទៅ។
លោកវរសេនីយ៏ឯក ឡាយ ទីរ៉ូ បានបញ្ជាក់ថា ចំពោះសាកសពជនរងគ្រោះក្រោយពីធ្វើកោសលវិច្ច័យរួចរាល់ហើយបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំពោះជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ច័យទោសទៅតាមផ្លូវច្បាប់៕