(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា០១ខ្នង មាន០៥បន្ទប់ ដែលជា ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយក្នុងវិស័យអប់រំ ផ្តល់ជូនមូលដ្ឋានតំបន់ដាច់ស្រយាល ដែលត្រូវបានសាងសង់ឡើងក្នុងបរិវេណសាលាបឋមសិក្សា តាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូអភិវឌ្ឍន៍។

ពិធីសម្ភោធនេះដែរ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្នុងបរិវេណសាលាបឋមសិក្សា តាមាឃ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី មិថុនាភូថង បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយឱកាសនៃការអភិវឌ្ឍក៏បានចាប់ផ្តើមឡើង តាមរយៈការដាក់ ចេញនូវយុទ្ធសាស្ត្រចតុកោណជាដំណាក់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកអាទិភាពធំៗ៤ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក។ ជាបន្តបន្ទាប់វិស័យអប់រំត្រូវ បានពង្រីកវិសាលភាព របស់ខ្លួនពីទីប្រជុំជនទៅកាន់តំបន់ជនបទ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់ៗរូប ទទួលបានការអប់រំពីព្រោះការអប់រំសម្រាប់ទាំងអស់គ្នា ដោយធ្វើឱ្យមានការអប់រំមូលដ្ឋានយ៉ាងតិច៩ឆ្នាំដោយឥតបង់ថ្លៃ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា នៅឆ្នាំសិក្សាថ្មីនេះក៏នៅតែផ្តោតលើការស្វែងរក និងប្រមូលកុមារឱ្យបានចូលរៀនគ្រប់ៗគ្នា ទោះបីពួកគេស្ថិតនៅទីណា ក្នុងស្ថាន ភាពបែបណាក៏ដោយ។ ពោលគឺត្រូវទៅឱ្យដល់កន្លែងណាដែលយើងទៅមិនទាន់ដល់ ស្របពេលជាមួយគ្នានឹងការពង្រឹងគុណភាព និងចីរភាព ដើម្បីធានាបាននូវការផ្តល់ សេវាអប់រំឱ្យបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាពទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល។

ជាមួយគ្នានេះក៏ត្រូវយកចិត្តទុកដាក់អនុវត្តសិទ្ធិកុមារនៅគ្រប់គ្រឹះស្ថានសិក្សា ដោយទាក់ទាញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតាបិតា អាណា ព្យាបាលសិស្ស ក្នុងការបង្កើនបរិស្ថានរៀនសូត្រឱ្យដល់សិស្សានុសិស្សឱ្យប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពោលគឺត្រូវចៀសវាង អំពើហិង្សានានា ចំពោះកុមារ។

លោកស្រីបន្តថា នេះជាកាតព្វកិច្ចធំធេងណាស់សម្រាប់លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលត្រូវយកចិត្តទុកដាក់នៅគ្រប់ទីកន្លែង ទោះជាតំបន់ជួបការលំបាក តំបន់ដាច់ ស្រយាលនិងតំបន់ព្រំដែនជាដើម។ លោកស្រី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវជៀសឲ្យពីគ្រឿងញៀន ត្រូវយកការសិក្សាជាចម្បងដើម្បីអនាគតខ្លួន និងគ្រួសារ និងប្រទេសជាតិពីព្រោះសិស្សានុសិស្សគឺជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ។

លោកស្រីបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏ដូចជាសំណូមពររបស់លោកស្រី គឺសូមស្នើឲ្យប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំនានារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត៕