(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្ត្រីបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមក ខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្ស ជូនរដ្ឋរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល។
បៀវត្សរបស់ខ្ញុំ ១០លានរៀល/ខែ ត្រូវបង់ពន្ធ៩១០ ០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩ ០៩០០ ០០០រៀល/ខែ សរុប៧ខែចំនួន៦៣ ៦៣៩ ០០០រៀល។
អាស្រ័យដោយកូវីដ១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។
ខ្ញុំឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង»៕