(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកម្ចាស់គណនីហ្វេសបុកឈ្មោះ «LA Kosal» ឱ្យចូលខ្លួនបំភ្លឺអំពីការចុះផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានការយល់ច្រឡំ និងស្អប់សមត្ថកិច្ច លើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ពាក់ព័ន្ធនឹងចំណុចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេសបុកមួយឈ្មោះថា LA Kosal ដែលបានចុះផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ដែលធ្វេី ឱ្យប៉ពាល់ដល់កិត្តិយសរបស់នគរបាលជាតិ។
បើតាមគណនី Facebook ដែលមានឈ្មោះ LA Kosal បានបង្ហោះសារលើគណនីរបស់ខ្លួនមានខ្លឹមសារយ៉ាងដូច្នេះថា៖ ច្បាប់ឥឡូវមានចាប់មួយថ្ងៃឱ្យបាន២០ម៉ូត ចូលអង្គភាពទៀត។ ដូច Network marketing (សំដីរបស់សមត្ថកិច្ចម្នាក់ដែលគាត់ចូលក្របខណ្ឌមិនទាន់ពេញសិទ្ធិ) ទីតាំងស្តុបស្ថានទូតវៀតណាម»។
បើយោងតាមទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្វែងរកម្ចាស់គណនីហ្វេសបុកឈ្មោះ LA Kosal នេះ ដេីម្បីឱ្យចូលខ្លួនមកធ្វេីការបំភ្លឺអំពីការចុះផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត ដែលធ្វេីឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ និងស្អប់សមត្ថកិច្ច ជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ»៕