(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងចេញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry)។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ ដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេសចិន ហួ ជនយីង (Hua Chunying) នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងការផ្តល់ព័ត៌មានទៅដល់ក្រុមអ្នកកាសែតនៅទីក្រុងប៉េកាំង លោក ហួ បានបញ្ជាក់ថា ភាគីទាំងពីរ គឺចិន និង អាមេរិក អាចនឹងពិភាក្សាអំពីចំណងទាក់ទងរវាងប្រទេសទាំងពីរជាគោល ក្នុងនោះក៏នឹងមានការជជែកពីបញ្ហា រសើបនានារបស់អន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីចិន កើតឡើងបន្ទាប់ពីអាមេរិក រៀបចំកិច្ចប្រជុំកំពូល ជាមួយ សមាគមអាស៊ាន ជាលើកដំបូងលើទឹកដីរបស់ខ្លួន ហើយដែលបញ្ហាសមុទ្រចិនខាងត្បូង ក៏ត្រូវបានលើកឡើង យ៉ាងក្តៅគគុកដែរនោះ។ ប្រទេសចិន បានទទួលរងការរិះគន់ និង ចោទប្រកាន់ជាច្រើន ពីអាមេរិករឿងដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល នៅលើកោះក្នុងដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ៕