(កំពង់ចាម)៖ សំណុំរឿងឃាតកម្មមួយដែលបានកើតឡើង នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំបែកបានដោយជោគជ័យ ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតបានចាប់ជនដៃដល់នៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។
អំពើឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ការកាប់ប្រហារទៅលើជនរងគ្រោះនេះ បន្ទាប់ពីជនរងគ្រោះដើរចេញពីរោងការមួយកន្លែងទៅយកម៉ូតូ ដែលផ្ញើទុកនៅនឹងផ្ទះពលរដ្ឋនៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនល្មើសលបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយទទួលបានសេចក្ដីរាយការណ៍ ពីអធិការនគរបាលស្រុកបាធាយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត កម្លាំងជំនាញស្រុក ដឹកនាំដោយវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដែក ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមករានេះ ទើបកម្លាំងជំនាញឈានដល់ការឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពម្នាក់ ឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
បន្ទាប់ពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន ហើយមូលហេតុកាប់ច្រឡំរឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន ដាវចំនួន០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបទបញ្ជារបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកំពុងចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕