(ភ្នំពេញ)៖ ករណីផ្លាស់ប្តូរតំណែងរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា រួមមានប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ពាក់ព័ន្ធអំពើពុករលួយ នៅមិនទាន់បញ្ចប់ត្រឹមដកហូតតំណែងនោះទេ ពោលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងបន្តដំណើរការស៉ើបអង្កេតបន្តទៅទៀត នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
យ៉ាងណាក៏ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា លោក មាស ប៉ូ ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា មិនពាក់ព័ន្ធនឹងកំហុសឆ្គង នៅក្នុងទូរគមនាគមន៍កម្ពុជានោះទេ ហើយលោកនៅតែកាន់តំណែង ជាអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបំពេញការងារតាមការបែងចែកភារកិច្ច របស់ក្រសួងដដែល។ ហើយការដូរប្រធានក្រុមប្រឹក្សាភិបាល ដោយដាក់លោក ខូវ មករា ជំនួសនោះ គឺគ្រាន់ជាការចាប់ដៃគូ ដែលស័ក្តិសម និងស៊ីគ្នាជាមួយអគ្គនាយកស្តីទី គឺ លោក សន វី តែប៉ុណ្ណោះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក ខូវ មករា ត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាភិបាល ជំនួសលោក មាស ប៉ូ។ លោក សន វី អគ្គនាយករង នៃទូរគមនាគមន៍កម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ជំនួសលោក ឡាយ ម៉ារីវ៉ូ ។
ក្រសួងបានអះអាងថា ការដកហូតតំណែងនេះ បន្ទាប់ពីអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា មានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជាដែលនាំឲ្យ៖ ១៖ មានការកិបកេងលួចបន្លំ យកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ ម៉ឺនដុល្លារអាមេរិកប្រាកដមែន។ ២៖ ការគ្រប់គ្រងចំណូល‑ចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណុលកើនឡើងជាលំដាប់ និងមានចន្លោះប្រហោងជាច្រើន ដែលឈានទៅដល់ការកិបកេង និងការលុបបំណុល និង ទី៣៖ មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យ ការគ្រប់គ្រងកិច្ចបញ្ជីការគណនេយ្យ និងឯកសារពាក់ព័ន្ធដែលឈាន ទៅដល់ការបាត់បង់ឯកសារ ដ៏មានសារៈសំខាន់ទាំងនេះដោយចេតនា។
សាធារណជនដែលតាមដានស្ថានការណ៍សង្គមកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល និងពិសេសក្រសួងប្រៃសណីយ៍ និង ACU គួរយកចិត្តទុកដាក់ចំពោះការករណីពុករលួយនេះ ប្រសិនបើរកឃើញនូវការលួចបន្លំ ចំណូលថវិការដ្ឋ គួរតែធ្វើការពិន័យ និងដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន ចំពោះអ្នកទទួលបន្ទុក និងអ្នកពាក់ព័ន្ធករណីនេះឲ្យខាងតែបានដោយមិនអោយរួចខ្លួនឡើយគឺត្រូវតែរកមុខមន្ត្រីពុករលួយចាប់អោយសងលុយរដ្ឋវិញរួមទាំងធ្វើការផ្ដន្ទាទោសទៅតាមច្បាប់ប្រឆាំងអំពើពុករលួយមិនមែនធ្វើត្រឹមដកហូតតំណែងរួចខ្លួននោះទេ គឺត្រូវធ្វើអោយស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តាំងពីដើមអាណត្តិទី៥នេះ»៕