(សៀមរាប-បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានអញ្ជើញចុះពិនិត្យតាមដាន ការប្រើប្រាស់ឥណទាន និងប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល របស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅភូមិ ព្រៃក្រូច សង្កាត់ក្របីរាល ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ម៉ៅ បញ្ញា តំណាងកសិដ្ឋាន បានឲ្យដឹងថា កសិដ្ឋាននេះ មានផ្ទៃដីសរុប៨ហិកតា។ បន្ទាប់ពីទទួលបានឥណទានពីធនាគារអេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទាន ពិសេស របស់រាជរដ្ឋាភិបាល រួចមក កសិដ្ឋានលោក មានឱកាស និងលទ្ធភាពពង្រីកបន្ថែម ព្រមជាមួយនឹងដើមទុនគ្រប់គ្រាន់ ដើម្បីធ្វើការផ្គង់លើចំណី លើពូជជាដើម។
កសិដ្ឋាននេះ បានទទួលឥណទានពីធនាគារអេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ត្រឹមតែ ០,៤២% ក្នុងមួយខែ ដើម្បីយកទៅពង្រីកមុខរបរចិញ្ចឹមត្រី។
ចេញពីខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យតាមដានការប្រើប្រាស់ឥណទាន និងប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល របស់កសិដ្ឋានចិញ្ចឹមទាយកពងមួយកន្លែង ស្ថិតនៅសង្កាត់ពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយជ័យ។
តាមការឲ្យដឹងពីលោកស្រី យ៉ា ទួង ម្ចាស់កសិដ្ឋាន បានឲ្យដឹងថា កសិដ្ឋាននេះ មានផ្ទៃដីសរុបជាង២ហិកតា និងមានទាយកពងសរុបប្រមាណជាង២ម៉ឺនក្បាល ហើយក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកស្រី អាចផលិតពងទា បានប្រមាណ១៨,០០០ពង ទៅ១៩,០០០ពង។ ចំពោះទីផ្សារវិញលក់វិញ គឺសម្រាប់ផ្គត់ផ្គង់ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
លោកស្រីបានបន្ថែមទៀតថា តាមរយៈកម្ចីពីធនាគារអេអឌីប៊ី អត្រាការប្រាក់ទាប ទើបកសិដ្ឋានលោកស្រី អាចមានលទ្ធភាពពង្រីកបានធំជាងមុន ហើយចំណូល នៃការលក់ពង ក៏បាន កើនទៅតាមនោះ។ ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញឆន្ទះចង់ខ្ចីឥណទានបន្ថែមទៀតពី អេអឌីប៊ី ដើម្បីធ្វើពង្រីកទ្រុងទា និងបង្កើនការផលិតស៊ុតទា។
លោកស្រីក៏បានថ្លែងអំណរគុណដល់ ធនាគារអេអឌីប៊ី ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរដល់សុខទុក្ខប្រជាកសិករ ដោយបានទំលាក់កញ្ចប់ ឥណទាន ពិសេសដោយអត្រាការប្រាក់ទាប សម្រាប់ជួយដល់កសិករនៅក្នុងតំណាក់កាលវិបត្តិកូវិដ ១៩នេះ។ ជាក់ស្តែងកសិដ្ឋានរបស់លោកស្រី ក៏បានទទួលប្រយោជន៍យ៉ាងធំធេង ពីឥណទានរបស់អេអឌីប៊ីផងដែរ។
កសិដ្ឋាននេះ បានទទួលឥណទានពីធនាគារអេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ត្រឹមតែ ០,៤២% ក្នុងមួយខែ ដើម្បីយកទៅពង្រីកមុខរបរចិញ្ចឹមទាយកស៊ុត។
រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក កៅ ថាច និងសហការី បានបន្ដអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ប្រជាកសិករដែលជាសមាជិក សហគមន៍កសិកម្មកងវ៉ា និងបានចុះពិនិត្យមើលការដាំដុះបន្លែចំរុះ របស់សហគមន៍ ស្ថិតនៅភូមិភ្នំពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សហគមន៍កងវ៉ា មានសមាជិកសរុប ៤៦ គ្រួសារ និងមានផ្ទៃដីដាំដុះសរុបចំនួន៥៧ហិកតា។
តាមការឲ្យដឹងខ្លះៗ ពីសមាជិកសហគមន៍ ចំពោះផ្ទៃដីដាំដុះរបស់បងប្អូនកសិករ ចែកជាពីរដូវ គឺរដូវប្រាំផ្ទៃដីដាំដុះអាចធ្វើបានតែ ២៦ហិកតា តែប៉ុណ្ណោះ ដោយឡែកនៅរដូវវស្សាផ្ទៃដីដាំដុះ បានរហូតដល់៥៧ហិកតា។ ចំពោះដំណាំនៅទីនោះ មាន ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោម ពោត ស្ពៃ ជាដើម ហើយទិន្នផលដែលទទួលបាន គឺសម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ និងនៅទីក្រុងភ្នំពេញ។
ដោយមើលឃើញពីសក្ដានុពលរបស់សហគមន៍កងវ៉ា និងការខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការលើកទឹកចិត្ត ឲ្យសហគមន៍បន្តពង្រឹង និងពង្រីកការដាំដុះបន្ថែមទៀត ដោយគិតគូរទៅលើគុណភាព និងស្នើឲ្យរៀបចំផែនការឲ្យបានច្បាស់លាស់លើការដាំដុះ និងគិតគូរទៅដល់ការផ្គត់ផ្គង់ ប្រកបដោយស្ថេរភាពលើទីផ្សារ។
ចំណោទទៅនឹងបញ្ហាទីផ្សារ ដែលបងប្អូនសហគមន៍តែងតែត្អូញត្អែរថា បន្លែផលិតបានរកអ្នកទិញមិនបានជាដើម ឆ្លើយតបចំនុចនេះ លោក កៅ ថាច បានណែនាំឲ្យសហគមន៍ ចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដើម្បីធានាលើភាពច្បាស់លាស់ទីផ្សារ ព្រោះ ក្រុមហ៊ុននឹងធានាទិញបន្លែតាមតម្លៃ ដែលមានចែងក្នុងកិច្ចព្រមព្រាង។
ក្នុងឱកាសនោះ ក៏មានវត្តមានក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ផងដែរហើយភាគីទាំងពីរ ក៏បានធ្វើការចរចារគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ។
សូមបញ្ជាក់ផងដែរថា សមាជិកមួយចំនួន របស់សហគមន៍កងវ៉ា បាននិងកំពុងប្រើប្រាស់ឥណទានរបស់អេអឌីប៊ី ដើម្បីធ្វើការពង្រីកការដាំដុះបន្លែរបស់ប្អូន និងធ្វើផ្ទះសំណាញ់ផងដែរ៕