(ភ្នំពេញ)៖ កម្ពុជា-ចិន បានសហការគ្នារៀបចំ «ពិព័រណ៍ចិនសិល្បៈគំនូរផេនដា» នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា រយៈពេលមួយខែ ដើម្បីឱ្យភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនា និងផាត់ពណ៌ដោយសេរី ក្នុងន័យបង្កើនការរឹតចំណងមិត្តភាពលើវិស័យវប្បធម៌ និងទេសចរណ៍នៃប្រទេសមិត្តទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ពិធីបើកពិព័រណ៍ខាងលើនេះត្រូវបានធ្វើឡើងរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា។
លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានបញ្ជាក់ថា តាមរយៈការសិក្សាពីផូស៊ីល ខ្លាឃ្មុំផេនដាមានជីវិតនៅលើផែនដីនេះអស់រយៈពេល ៨ លានឆ្នាំមកហើយ ដែលបានចូលរួមបង្កើតតម្លៃវិទ្យាសាស្ត្រអេកូឡូស៊ី វប្បធម៌ និងសោភ័ណភាព ពិសេសនៅក្នុងដំណើរការប្រវត្តិសាស្ត្រនៃការការពារជីវចម្រុះ ជាគំរូមួយសម្រាប់ការពារប្រភេទសត្វដែលជិតផុតពូជនៅក្នុងពិភពលោក។
លោក ឈាន បានបន្តថា ខ្លាឃ្មុំផេនដា គឺជាអត្តសញ្ញាណមួយរបស់ប្រទេសចិន ដែលវាបានរស់នៅក្នុងខេត្តស៊ីឈួន ហើយកម្មវិធីសួស្តីពិភពលោក ក៏បានយកសិល្បៈគំនូរខ្លាឃ្មុំផេនដានេះធ្វើជាប្រធានបទសំខាន់នៃពិពរណ៍សិល្បៈក្នុងឆ្នាំនេះដែរ ដើម្បីជាការចែករំលែកក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងបរទេស និយាយជារួម និងរវាងចិន និងកម្ពុជា និយាយដោយឡែក។
លោកស្រី ជ័រ វិនស៊ីង ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា ដែលតែងបានសហការយ៉ាងល្អប្រសើរជាមួយអង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចែករំលែកបទពិសោធន៍ និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសគឺជាតំណភ្ជាប់ដ៏ល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
លោកស្រីបានបង្ហាញការជឿជាក់ថា ការមកដល់នៃពិព័រណ៍សិល្បៈខ្លាឃ្មុំផេនដា នឹងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា លើកកម្ពស់ការយោគយល់គ្នា និងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ និងបញ្ចូលធាតុចូលថ្មីបន្ថែមទៀតទៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងចិន និងកម្ពុជា។
លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ បានសាទរនឹងសមិទ្ធផលរយៈពេលជិត ៥ឆ្នាំ ដែលមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាសម្រេចបាន ហើយមជ្ឈមណ្ឌលនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចសហការជាមួយក្រសួងវប្បធម៌ ក្នុងកិច្ចបង្កើនទំនាក់ទំនងជាមេត្រីភាពនៃចំណងទាក់ទងជាប្រពៃណីរវាងប្រជាជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងជាស្ពានទំនាក់ទំនងនៃកិច្ចផ្លាស់ប្តូរពុទ្ធិ និងបទពិសោធន៍លើវិស័យវប្បធម៌នៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព និងលម្ហសេរីភាពពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីសួស្តីពិភពលោក ជាកម្មវិធីវប្បធម៌មួយរបស់ក្រសួងវប្បធម៌ និងទេសចរណ៍របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងបរទេស ហើយពិព័រណ៍សិល្បៈគំនូរខ្លាឃ្មុំផេនដា ដែលបានរៀបចំនៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា នឹងស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនា និងផាត់ពណ៌ដោយសេរីលើរូបគំនូរ រូបចម្លាក់ខ្លាឃ្មុំផេនដា ដែលបានដាក់តាំងនៅទីនោះរយៈពេលមួយខែតទៅមុខ៕