(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី ប៉ូរ៉ូវីក បានបង្ហាញពីគុណភាព និងប្រសិទ្ធភាពវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V របស់ប្រទេសខ្លួន ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល។

លោក អាណាតូលី ប៉ូរ៉ូវីក បានថ្លែងបន្ដថា វ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V ពេលនេះកំពុងតែឆ្ពោះទៅរកការដាក់ឱ្យទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ សម្រាប់ ប្រសិទ្ធភាព ដែលមានរហូតដល់ទៅ៩១,៤% ហើយការការពារ ដល់១០០%, រហូតមកដល់នឹងពេលនេះ គឺទទួលបានការបញ្ជាទិញតាមបណ្ដាប្រទេសមួយចំនួនផងដែរ ប្រហែលជាង១លានដូស។

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរស្ស៊ីប្រចាំកម្ពុជា ក៏បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានដឹកនាំ និងដាក់ចេញនូវវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាមានសុខសុវត្ថិភាព និងអំណោយផលដល់សុខសុវត្ថិភាពសម្រាប់ប្រជាជនរុស្ស៊ី និងជនបរទេសនានា ដែលកំពុងរស់នៅ និងប្រកបការងារនៅកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្រា្ដចារ្យ ម៉ម ប៊ុនហេង បានសម្ដែងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់រដ្ឋាភិបាលរុស្ស៊ី ដែលកន្លងមកបានជួបបណ្ដុះបណ្ដាលធនធានមនុស្ស ផ្លាស់ប្ដូរបច្ចេកទេស ក៏ដូចជាក្រុមគ្រូពេទ្រទៅវិញទៅមក តាំងពីកម្ពុជាក្រោយរំដោះ៧មករា ឆ្នាំ១៩៧៩។
ជាពិសេស ការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅពេលថ្មីនេះៗ ដែលការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺនៅតែជាកត្ដាដ៏សំខាន់បំផុត សម្រាប់កម្ពុជានៅពេលនេះ និងក្នុងបរិបទកូវីដ១៩។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ក៏ស្នើដល់រុស្ស៊ីជំរុញការងារបន្ថែមទៀត ក្នុងការពន្លឿននិតីវិធីរបស់ខ្លួន លើគម្រោងធ្វើទំនើបភាពកែលម្អនៃ មន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀតផងដែរ។

ជាការឆ្លើយតប លោក អាណាតូលី ប៉ូរ៉ូវីក នឹងជំរុញការងារ និងពិភាក្សាគ្នាបន្ដទៀត តាមប្រព័ន្ធអនឡាញ ទាំងវ៉ាក់សាំងកូវីដ១៩ និងទំនើបភាពនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត៕