(កំពង់ស្ពឺ)៖ ជម្លោះកើតចេញពី ដីសមាគមខ្មែរ-ចិនបាត់ដឹង នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានអូសបន្លាយ និង ប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទ ដែលកើតឡើង ក្នុងរយៈពេលកន្លងមករវាង លោក ឡេង ម៉ូវ និង អ្នកស្រី យឹម អេង ស្ថិតនៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាដកពាក្យបណ្ដឹងពីគ្រប់ស្ថាប័ន ដោយមានការសម្របសម្រួលពីលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ចំពោះករណីវិវាទនេះត្រូវបានបញ្ចប់ទាំងស្រុងក្រោមយុទ្ធសាស្ត្រឈ្នះ ឈ្នះទាំងសងខាង។
លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយជាពន់់ពេក ចំពោះទឹកចិត្តរបស់លោកស្រី យឹម អេង ដែលព្រមអង្គុយទទួលយកដំណោះស្រាយ (១៤-០១-២០២១) តាមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោមការសម្របសម្រួលពីខ្ញុំផ្ទាល់៕