(ប៉ៃលិន)៖ ដោយមើលឃើញពីការលំបាក និងការខ្វះទីជម្រករបស់អតីតយុទ្ធជនក្នុងខេត្តនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្នុងខេត្ត ចំនួន ៤៥ខ្នងផ្ទះ។
លោកស្រីបន្ថែមថា ដោយសារតែក្តីអាណិតអាសូរ ចំពោះការខ្វះខាត និងជាការតបគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិពីអតីតកាល លោកស្រីបានស្ម័គ្រចិត្តបរិច្ចាគផ្ទាល់ខ្លួនជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនខ្វះទីជម្រកនេះ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនក្នុងខេត្តប៉ៃលិន បានរកឃើញអតីតយុទ្ធជន មានដី និងផ្ទះស្នាក់នៅមិនសមរម្យ ចំនួន១៣គ្រួសារ, អតីតយុទ្ធជន ពុំមានដី និងពុំមានផ្ទះចំនួន៣៦គ្រួសារ ក្នុងឱកាសនោះក្នុងនាមសម្តេចប្រធាន, លោកទេសរដ្ឋមន្ត្រី បានចលនាសប្បុរសជនក្នុងខេត្តជួយឧបត្ថមបានចំនួន៤ខ្នងផ្ទះ (ឧកញ៉ា ជា គា ១ខ្នង, ស្នងការដ្ឋាននគរបាលខេត្ត១ខ្នង, កងរាជអាវុធហត្ថខេត្ត១ខ្នង និងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត១ខ្នង) នៅសល់ចំនួន៩ខ្នងផ្ទះលោកស្រីសន្យាសាងសង់ជូន។ ដោយឡែកអតីតយុទ្ធជន និងគ្រួសារដែលអត់ដីអត់ផ្ទះចំនួន៣៦គ្រួសារ លោកស្រីសន្យារកដីសម្បទានសង្គមកិច្ចផ្តល់ជូន និងសាងសង់ជូនពួកគាត់ជាបន្តទៀត។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា លោកស្រីបណ្ឌិត បាន ស្រីមុំ តែងតែជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ និងសមាជិកអតីយុទ្ធជន ដែលខ្វះខាតក្នុងខេត្តប៉ៃលិន តាំងពីពេលដែលលោកស្រី នៅជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនមកម្ល៉េះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និងគាំទ្រលោកស្រីជាខ្លាំង ពិសេសនៅពេលដែលខេត្តប៉ៃលិន ទទួលរងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
លោកទេសរដ្ឋមន្ត្រី បានចាត់ទុកទឹកចិត្ត និងកាយវិការរបស់លោកស្រីចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារជាកាយវិការគំរូមួយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ លើការងារអតីតយុទ្ធជន ក៏បានថ្លែងអំណរគុណដល់លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជម្រកកក់ក្តៅ ដល់អតីតយុទ្ធជនកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងដូច្នេះ «នេះជាកាយវិការមួយល្អណាស់សម្រាប់ជាការតបស្នងសងគុណបងប្អូនអតីតយុទ្ធជនយើង ដែលពួកគាត់សុទ្ធតែមានគុណបំណាច់សម្រាប់សង្គមជាតិយើង។ ព្រោះតែការលះបង់ក្នុង បុព្វហេតុជាតិនេះហើយ ទើបរក្សាបាននូវសុខសន្តិភាព និងផ្តល់ឱកាសល្អសម្រាប់ការរកស៊ី ការវិនិយោគរហូតមានជីវភាពល្អ។ ដូច្នេះយើងត្រូវចេះតបស្នងសងគុណពួកគាត់»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ជាដីសម្រាប់សង់លំនៅឋាន ដីសម្រាប់បង្កបង្កើនផល ប្រាក់បៀវត្សរ៍ និងប្រាក់គោលនយោបាយផ្សេងៗមួយចំនួនទៀត។
តាមរយៈការគិតគូរនេះ បានធ្វើឱ្យជីវភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជន បានកាន់តែល្អប្រសើរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអ្នកប្រតិបត្តិផ្ទាល់លើការងារអតីតយុទ្ធជននេះ តែងតែបានពិនិត្យដោយផ្ទាល់ដល់កន្លែង រស់នៅរបស់អតីតយុទ្ធជន ដើម្បីស្វែងយល់ពីការរស់នៅ និងសុខទុក្ខរបស់អតីតយុទ្ធជន។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានដាក់ចេញ និងចង្អុលបង្ហាញនូវការងារអាទិភាពមួយចំនួនដល់មន្ត្រី និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ៕