Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលបង្ក្រាបជនសង្ស័យ១១នាក់ ដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នៅផ្ទះសំណាក់៣កន្លែង ក្នុងក្រុងពោធិ៍សាត់

25-01-2021 18:11

(ពោធិ៍សាត់)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងក្រុងពោធិ៍សាត់ បានចុះធ្វើត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ចំនួន៤កន្លែង ក្នុងក្រុងពោធិ៍សាត់ ក្នុងនោះមានផ្ទះសំណាក់៣កន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនបានមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងផ្ទះសំណាក់យីហោ យិនស៊ិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ ហេងហេង ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ និងនៅផ្ទះសំណាក់យីហោ មានជ័យ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលក ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោម្លិះ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ី សុខុម អធិការរងនគរបាលក្រុងពោធិ៍សាត់។

នគរបាលបានឱ្យដឹងថា ទីតាំងដែលចុះធ្វើការឆែកឆេររួមមាន៖ ទីតាំងទី១៖ នៅបន្ទប់លេខ១២ នៃផ្ទះសំណាក់យីហោ យិនស៊ិនថ្មី ឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់ ក្នុងនោះស្រី២នាក់ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា និងសម្ភារៈមួយចំនួនទៀត។ ទីតាំងទី២៖ នៅបន្ទប់នៃផ្ទះសំណាក់យីហោ ហេងហេង ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ (ពុំបានលទ្ធផលទេ)។

ទីតាំងទី៣៖ នៅបន្ទប់លេខ០៥ នៃផ្ទះសំណាក់យីហោមានជ័យ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ក្នុងនោះស្រី១នាក់ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា និងសម្ភារៈមួយចំនួនទៀត។ ទីតាំងទី៤៖ នៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោម្លិះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ក្នុងនោះស្រី១នាក់ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យជាប់ពាក់ព័ន្ធទាំងអស់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕