Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រី៖ ទីផ្សារការងារសម្រាប់អ្នករៀនបច្ចេកទេស និងវិជ្ជាជីវៈ នៅតែច្រើន នៅតែខ្ពស់ នាពេលបច្ចុប្បន្ន និងអនាគត (Video inside)

25-01-2021 17:48

(ភ្នំពេញ)៖ លោក ថង សាម៉ុន ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារ បានគូសបញ្ជាក់ថា តម្រូវការទីផ្សារ ការងារសម្រាប់អ្នករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតែច្រើន នៅតែខ្ពស់ ក្នុងពេលបច្ចុប្បន្ន ទៅអនាគត ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍។

ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោក ថង សាម៉ុន អញ្ជើញចូលរួមក្នុងកម្មវិធី ភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជួយស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជួបវិបត្ដិកូវីដ-១៩»

លោក ថង សាម៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «តម្រូវការទីផ្សារការងារ សម្រាប់អ្នកបច្ចេកទេស នៅតែច្រើន នៅតែខ្ពស់ និងពេលបច្ចុប្បន្ន ទៅអនាគត ដោយសារតែ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។ ម្យ៉ាងទៀត អ្នកចូលរៀនបច្ចេកទេសមានតិចក្នុងមួយឆ្នាំៗ អ្នកដែលចេញពីសាលារៀនប្រមាណ១ម៉ឺននាក់ប៉ុណ្ណោះ»

លោកបានបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (រៀនជំនាញ) ប្រាកដណាស់ដើរតួនាទីសំខាន់ ក្នុងការស្ដារជួយសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំបន្ដបន្ទាប់ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

លោកអគ្គនាយករងបានអះអាងថា ជំនាញវិជ្ជាជីវៈ នឹងធ្វើឲ្យប្រជាពលរដ្ឋបង្កើននូវលទ្ធភាពការងារ និងធ្វើឲ្យមានការទាក់ទាញអ្នកវិនិយោគ ឬក៏ឧស្សាហកម្មផ្សេងៗ ចាប់ផ្ដើមដំណើរការឡើងវិញ។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានចាប់ផ្ដើមនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញ ដល់កម្មករ-កម្មការិនី ចំនួន៦៥០០នាក់ លើសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈពិសេស ដែលមានរយៈពេល៤ខែ នៅរាជធានីភ្នំពេញ កណ្ដាល ស្វាយរៀង កំពង់ចាម សៀមរាប កំពង់ឆ្នាំង និងខេត្តព្រះសីហនុ។

លោក ថង សាម៉ុន បានបញ្ជាក់ឲ្យដឹងថា នៅពេលដែលកម្មករ-កម្មការិនី បានរៀនចប់ នឹងទទួលបានជំនាញថ្មីមួយ ហើយអាចយកជំនាញថ្មីនេះ ទៅប្រកបមុខរបរ និងធ្វើការលើវិស័យដែលពាក់ព័ន្ធ និងវិស័យដែលមានតម្រូវការផងដែរ៕