(ភ្នំពេញ)៖ នៅចុងខែមករា ឆ្នាំ២០២១នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចុះចែកថវិកា ម៉ាស់ ជែលអាល់កុលលាងដៃ និងគ្រឿងឧបភោគបរិភោគ ដល់សិស្ស-និស្សិត និងពលករខ្មែរ ចំនួន ៣លើក។ នេះបើតាម លោក កុង គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បើតាមលោក កុយ គួង, សេចក្តីរាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ស្ថានទូតបានចុះជួបសួរសុខទុក្ខ និងចែកអំណោយជាថវិកា ម៉ាស់ ជែលអាល់កុលលាងដៃ និងគ្រឿងឧបភោគបរិភោគដល់សិស្ស-និស្សិត និងពលករខ្មែរ ចំនួន ៣លើក រួមមាន៖
១៖ នៅថ្ងៃទី២៣ មករា ២០២១ នៅខេត្តខនគែន និស្សិតចំនួន ៣៥ នាក់។
២៖ នៅថ្ងៃទី២៤ មករា ២០២១ នៅខេត្ត មហាសារ៉ាខាម សិស្ស-និស្សិតចំនួន ៥០ នាក់។
៣៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខពលករខ្មែរចំនួន៧រូប (ប្រុស៤នាក់ និងស្រី៣នាក់) ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។
សេចក្តីរាយការណ៍ បានឲ្យដឹងបន្ថែមថា គ្រោះថ្នាក់ខាងលើមិនមានករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នពលករ ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ម្នាក់ទៀតនឹងអាចចេញពីមន្ទីរពេទ្យនៅប៉ុន្មានថ្ងៃខាងមុខ និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ ទី២៥ មករា។
ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។ បន្ទាប់ពីសម្រាកព្យាបាលរួចហើយ ខាងក្រុមហ៊ុននឹងឲ្យពលករចូលបម្រើការងារតាមធម្មតាវិញ។
ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ គាត់៕