(កំពង់ឆ្នាំង)៖ មុខរបរកសិកម្ម បច្ចុប្បន្ននៅក្នុងខេត្តកំពង់ឆ្នាំង គឺជាមុខរបរមួយយ៉ាងសំខាន់និងរកចំណូលបានច្រើន សម្រាប់ប្រជាកសិករ ដោយសារតែមុខរបរផ្នែកកសិកម្មនេះ កំពុងត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។
ជាក់ស្ដែងនៅពេលថ្មីៗនេះ ភ្នាក់ងារអង្គភាពព័ត៌មាន fresh news ប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅយកព័ត៌មានពីសកម្មភាពរបស់ប្រជាកសិករមួយគ្រួសារ រស់នៅក្នុងភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពួកគាត់បានប្រ កបមុខរបរផ្នែកកសិកម្ម មានដូចជា ការបណ្ដុះផ្សិត ចិញ្ចឹមកង្កែប ចិញ្ចឹមខ្យង ចិញ្ចឹមត្រីអណ្ដែង ត្រីប្រា និងចិញ្ចឹមមាន់ជាដើម។ល។ មិនតែប៉ុណ្ណោះនៅក្នុងគេហដ្ឋានរបស់គាត់ក៏មានរៀបចំជាទីកន្លែងសម្រាប់លក់បន្លែបង្ការផ្សេងៗដែលមិនប្រើជាតិគីមី និងត្រីសាច់ កង្កែប ខ្យង និងផ្សិត ដែលបានមកពីការចិញ្ចឹម និងដាំរបស់គ្រួសារគាត់យកមកដាក់លក់ជូនប្រជាកសិករនៅក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃផងដែរ។
ជួបជាមួយលោក សយ ចាន់ណាត អាយុ៣៣ឆ្នាំ ដែលជាជាងកាត់សក់ក្នុងភូមិ និងជាកសិករប្រកបមុខរបរផ្នែកកសិកម្មខាងលើនេះ ដោយដំបូងលោកបានរៀបរាប់អំពីបច្ចេកទេស នៃការបណ្ដុះផ្សិត និងធ្វើមេផ្សិតឲ្យដឹងថា លោកបានប្រកបមុខរបរបណ្ដុះផ្សិតលក់នេះ មានរយៈពេល៨ឆ្នាំមកហើយ ដែលដំបូងឡើយលោកបានទៅរៀនមុខវិជ្ជានេះនៅសាលាកសិកម្មខេត្តកំពង់ចាម បន្ទាប់មកទៅរៀននៅខេត្តកំពត និងបានរៀនបណ្ដុះជាក់ស្ដែងជាមួយកសិដ្ឋានបណ្ដុះផ្សិតទៀតផង។
ឆ្លងកាត់តាមការរៀនសូត្រ និងបទពិសោធន៍ជាក់ស្ដែងកន្លងមក មកដល់ពេលនេះ លោកទទួលបានជោគជ័យក្នុងមុខរបរនេះដោយអាចរកបានប្រាក់ចំណូលក្នុងមួយថ្ងៃពី៦ម៉ឺន ទៅ៧ម៉ឺនរៀល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែកទាក់ទងនឹងមុខរបរផលិតមេផ្សិតអំបោះលក់វិញ គឺក្នុងមួយខែៗលោកអាចផលិតមេផ្សិតបានប្រមាណ២,០០០កញ្ចប់តាមគេកម្មង់ ជួនកាលក៏ច្រើនជាងនេះ ឬតិចជាងនេះដោយក្នុងមួយកញ្ចប់លក់បានតម្លៃ១,៥០០៛ ក្នុងមេផ្សិតមួយកញ្ចប់នេះ អាចទទួលផលបានរហូតទៅដល់៤ខែ ទើបផ្សិតលែងដុះ ជាមួយគ្នានេះដែរ សព្វថ្ងៃលោកក៏បានបណ្ដុះផ្សិតអំបោះលក់ចំនួន ៥ពាន់ដុំដោយក្នុងមួយថ្ងៃៗលោកបេះផ្សិតលក់បានជាង ១០គីឡូក្រាម និងក្នុងមួយគីឡូក្រាមលក់បានថ្លៃ ពី៦,០០ ០ ទៅ៨,០០០រៀល។
ជាមួយគ្នានេះដែរ លោកក៏កំពុងតែសាកល្បងចិញ្ចឹមខ្យងស្រែដោយឲ្យចំណីកាកសំណល់បន្លែបង្ការឱ្យវាស៊ី មកដល់ ពេលនេះមានរយៈពេល៣ខែហើយ គឺខ្យងមានការរីកធំធាត់ដោយខ្លះល្មមចាប់លក់បានហើយដែរ គឺលក់ក្នុងមួយគីឡូក្រាម៨០០០រៀល។ ដោយឡែកកង្កែបស្រែលោកចិញ្ចឹមចំនួនពីរស្រះកៅស៊ូសាកល្បង ក្នុងនោះគឺលោកបានទុកបង្កាត់ពូជញីឈ្មោលប្រមាណជា៤០០ក្បាលដោយឲ្យចំណីធម្មជាតិវាស៊ី កង្កែបនេះអាចលក់បានក្នុងមួយគីឡូក្រាមថ្លៃមួយម៉ឺនរៀល។
ចំណែកត្រីអណ្ដែងលោកបានចិញ្ចឹមនៅក្នុងតង់កៅស៊ូដូចគ្នា ដែលលោកបានដាក់កូនត្រីចំនួន៥គីឡូក្រាម ហើយការចិញ្ចឹមត្រីអណ្ដែងនេះ គឺផ្ដល់ចំណីកញ្ចប់លាយជាមួយបន្លែធម្មជាតិដាក់ឲ្យវាស៊ីក្នុងមួយថ្ងៃ២ដង ហើយ ត្រីអណ្ដែងនេះលោកចិញ្ចឹមរយៈពេល៣ខែគឺអាចចាប់លក់បានហើយ ដែលលោកបានចាប់លក់នៅនិងផ្ទះជារៀងរាល់ថ្ងៃ ដោយលក់ក្នុងមួយថ្ងៃអស់១០គីឡូក្រាម ក្នុងមួយគីឡូក្រាម តម្លៃមួយម៉ឺនរៀល។
បច្ចុប្បន្នលោកក៏មានចិញ្ចឹមមាន់យកពងភ្ញាស់យកកូនលក់ផងដែរ ដែលមានមាន់ទាំងមេទាំងឈ្មោលចំនួន ៥៨០ក្បាល ដោយទទួលបានពងក្នុងមួយថ្ងៃ១០០គ្រាប់ដើម្បីយកទៅភ្ញាស់យកកូនលក់។ចំណែកកូនមាន់ដែលត្រូវលក់ចេញ គឺបន្ទាប់ពីធ្វើវ៉ាក់សាំងចំនួន៣ដងរួចដោយលក់ចេញក្នុងមួយក្បាលពី ៤,៥០០ទៅ៥,០០០រៀល។
គ្រួសាររបស់លោក សយ ចាន់ណាត ខាងលើនេះ ត្រូវបានគេមើលឃើញថា ឧស្សាហ៍ព្យាយាម មិនសូវដែលបានទំនេរនោះទេ គឺក្រៅពីការថែរទាំសត្វ ឲ្យចំណីសត្វ និងស្រោចស្របផលដំណាំរួចហើយ ឆ្លៀតបង្កើតការងារដើម្បីរកចំណូលបន្ថែមទៀត គឺជាជាងកាត់សក់ ការកាត់សក់នៅតាមទីជនបទលោកកាត់ក្នុងម្នាក់៥០០០រៀល ហើយក្នុងមួយថ្ងៃលោកកាត់បានពី៤នាក់ទៅ៦នាក់ប៉ុណ្ណោះ។
ដូច្នេះប្រាក់កម្រៃទាំងអស់ដែលប្អូនបានមកពីការប្រកប មុខរបរផ្នែកកសិកម្ម និងការរកកម្រៃក្រៅផងនោះ បានកែប្រែជីវភាពរបស់គ្រួសារប្អូនឲ្យរស់នៅដោយភាពសមរម្យ ហើយបច្ចុប្បន្នប្អូនបានសាងសង់ផ្ទះមួយខ្នង ធ្វើពីឈើលើ ថ្មក្រោម ដែលមានទំហំសមល្មម និងបានទិញដីខាងក្រោយផ្ទះដើម្បីទុកពង្រីកកសិដ្ឋានរបស់ប្អូនបន្ថែមទៀតដែលប្អូនថា ដីនេះគឺប្អូនបានត្រៀមទុកដាំបន្លែបង្ការបន្ថែមដើម្បីជាតម្រូវការរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ប្អូន៕