(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ចុះចែកជូនកងកម្លាំងចំនួន៩អង្គភាព ដែលកំពុងឈរជើងប្រចាំការ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ក្នុងបេសកកម្មទប់ស្កាត់ការឆ្លងដែនខុសច្បាប់ របស់ពលករដែលអាចនាំឲ្យមាន ការឆ្លង មេរោគ Covid-19។

លោក ជួន សុវណ្ណ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារអង្គភាពទាំង៣រួមមាន៖ អង្គភាព អាវុធហត្ថ កំលាំងនគរបាល និងកំលាំងយោធា ក្នុងនោះរួមជាមួយក្រុមគ្រូពេទ្យស័្មគចិត្ត និងមគ្រូពេទ្យជាប់កិច្ចសន្យាឈរជើងចាំទទួលពលករ ដែលវិលត្រឡប់ មកពីប្រទេថៃតាមបណ្តោយខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ដឹកតាមរថយន្តកងទ័ព ដើម្បីយកទៅមណ្ឌលចត្តាឡីស័កខេត្ត ជាប់បណ្តោយព្រំដែនកម្ពុជា-ថៃ ត្រៀមចាំពិនិត្យ រយៈពេល១៤ ថ្ងៃ មានលើកទី១ លើកទី២ និងលើកទី៣ ហើយបើកមានពលករណា ពិនិត្យគ្រប់៣លើក ពុំមានសញ្ញាជំងឺកូវីដ១៩ អាចឲ្យវិលត្រឡប់ទៅផ្ទះវិញបាន។ ក្នុងនោះនៅខេត្តបន្ទាយមានជ័យ ដែលមានច្រើន និងគ្រប់គ្រងចាត់ចែងបានល្អប្រសើរជាងគេផងដែរ។

លោក ជួន សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក កំពុងយកចិត្តទុកដាក់ខិតខំបំពេញការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះបានល្អ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកបានផ្តល់កម្លាំងចិត្តដល់ពលករ ត្រូវគោរពវិន័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានឆាប់វិលត្រឡប់ទៅផ្ទះសម្បែង ហើយក្លាយជាកម្លាំងពលកម្មដ៏រឹងមាំ មានសុខភាពល្អ សម្រាប់កសាងជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនថែទៀត។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់រួមមាន៖ សម្ភារៈគ្រឿងបរិភោគ ស៊ុតទាចំនួន ២,៥០០គ្រាប់ ទឹកពិសាដបចំនួន ៦០០យួរ និងថវិកាចំនួន ១៥,០០០,០០០រៀល៕