(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយនាពេលកន្លងមក។
ការកោតសសើរបែបនេះ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។
តាមរបាយការណ៍របស់ខេត្ត បានឱ្យដឹងថា ខេត្តបាត់ដំបង បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា៖ ជំនន់ទឹកភ្លៀងបានកើតឡើងចំនួន ៣លើក (កើតឡើងក្នុងខែកញ្ញា ចំនួន២លើក និងខែតុលា ចំនួន១លើក) ឆ្នាំ២០២០ ប៉ះពាល់ប្រជាជន ៧២,៨២០គ្រួសារ ក្នុងក្រុង-ស្រុក១៤ ប៉ះពាល់ផ្ទះ ៧២,៨២០ខ្នង ជម្លៀសទៅទីទួលសុវត្ថិភាព ៧,២០៧គ្រួសារ ខូចខាតស្រូវ ៤២,៥១៧ហិកតា និងដំណាំកសិឧស្សាហកម្ម ៤៣,៤៦៤ហិកតា, ការស្តារឡើងវិញនូវស្រូវដែលខូចខាត ត្រូវបានធ្វើឡើងគ្រប់តាមផែនការដែលស្រូវកំពុងលូតលាស់ល្អ ដោយសហការជាមួយក្រសួងជំនាញពាក់ព័ន្ធ គឺស្តារបាន ១០,៥០០ហិកតា ដែលជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើសពីនោះទៀត ក៏មានការធ្វើបន្ថែមជិត ២ម៉ឺនហិកតា ដែលសរុបជាង ៣ម៉ឺនហិកតា។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការងារគ្រោះមហន្តរាយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ដូច្នេះ៖ «ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វើផែនការត្រៀមឱ្យបានលម្អិតតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម»។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ។
ដោយឡែកចំពោះការងារអតីតយុទ្ធជនកម្ពុជា សមាជិកអតីតយុទ្ធជន គិតត្រឹមឆ្នាំ២០២០ មានចំនួន៥,៤៨៧នាក់ រួមមាន៖ គ្រួសារជនពលី ៨៣០គ្រួសារ, គ្រួសារជនមរណៈ ១៤៨គ្រួសារ, និវត្តជនយោធិន ១,៧១១នាក់, និវត្តជននគរបាល ៥៣៨នាក់, ជនបាត់បង់ ៤២នាក់ និងជនពិការ ២,២១៨នាក់ ដោយក្នុងនោះបានធ្វើសំណើរសុំចូលសមាជិកថ្មីចំនួន ៣៨៥នាក់ ក្នុងនោះមាន៖ និវត្តជន ៣៣០នាក់ និងជនពិការ ៥៥នាក់ និងការបើកប្រាក់បេឡាមរណៈសង្គ្រោះ និងបើកប្រាក់ធានារាប់រង់សង្គម ក្នុងឆ្នាំ ២០២០ បានចំនួន ១២៧សព ដែលសរុប ថវិកាចំនួន ៥០៨,០០០,០០០រៀល។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរដល់មន្ត្រី បុគ្គលិកទាំងអស់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញការងារទាំងការងារត្រៀមបម្រុងមុនពេលគ្រោះមហន្តរាយ ការឆ្លើយតបពេលមានគ្រោះមហន្តរាយ និងការងារស្តារឡើងវិញ ជាពិសេសលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាខេត្ត-ក្រុង ដែលថ្មីៗនេះបានសហការជិតស្និទ្ធជាមួយសាខាកាកបាទក្រហមកម្ពុជា ធ្វើការងារយ៉ាងសកម្មបំផុត ដើម្បីឆ្លើយតប និងសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះដោយជំនន់ទឹកភ្លៀងបានទាន់ពេលវេលាស្របតាមគោលនយោបាយរាជរដ្ឋាភិបាលស្តីពី «ការមិនទុកនរណាម្នាក់ចោល»៕