(ព្រៃវែង)៖ សម្តេច ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាននិមន្ត និង អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលកំពុងតម្កល់ធ្វើបុណ្យនៅលំនៅឋានក្នុងខេត្តព្រៃវែង។
ក្រៅពីសម្តេចព្រះសង្ឃរាជ ទេព វង្ស និង សម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ គេក៏សង្កេតឃើញមានវត្តមានសមាជិករដ្ឋសភា លោក ហ៊ុន ណេង លោក ម៉ុក ម៉ារ៉េត និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ លោក សុខ អាន និង រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងភរិយា បានអញ្ជើញទៅចូលរួមគោ រពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណទុក្ខផងដែរ។
សូមបញ្ជាក់ថា មហាឧបាសិកា ទុយ សាន មាតាបង្កើតលោក វង សូត បានទទួលមរណភាពនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយសារជរាពាធ។ បច្ចុប្បន្នសពមហាឧបាសិកា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហឋានក្នុងខេត្តព្រៃវែង។
សពមហាឧបាសិកា ទុយ សាន នឹងដង្ហែទៅបញ្ចុះនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕