(ភ្នំពេញ)៖ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយនឹងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានសម្បទាធ្វើនយោបាយឡើងវិញ ដើម្បីបង្កើតគណបក្សមួយដែលមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា»។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា៖ «យើងបានសម្រេចជាផ្លូវការថា បង្កើតគណបក្សកែទម្រង់កម្ពុជា។ កំពុងតែរៀបចំបែបបទដាក់ (ក្រសួងមហាផ្ទៃ) ហើយ ដោយសារមានអ្នកចង់ដឹងឈ្មោះគណបក្សហ្នឹងច្រើន ហើយខ្ញុំបានជជែកគ្នាហើយថាឈ្មោះហ្នឹងមិនកែប្រែទេ»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សកែទម្រង់កម្ពុជា នឹងត្រូវបានបង្កើតឡើងស្របតាមច្បាប់ស្តីពីគណបក្សនយោយបាយ ដែលតម្រូវឲ្យមានស្ថាបនិក ៨០ រូប និងតំណាងគណបក្សចំនួន៧រូប។ អ្នកនយោបាយមកពីអតីត គណបក្សប្រឆាំងរូបនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើនរណាខ្លះនឹងត្រូវដាក់ឈ្មោះជាស្ថាបនិក និងជាតំណាងគណបក្ស។
លោក អ៊ូ ច័ន្ទរ័ត្ន ថែមទាំងបង្ហើបថា រចនាសម្ព័ន្ធក៏កំពុងស្ថិតនៅក្នុងការរៀបចំផងដែរ។ ទោះជាយ៉ាងនេះក្តី លោកសង្កត់ធ្ងន់ថា ទាំងស្ថាបនិកគណបក្ស តំណាងគណបក្ស និងរចនាសម្ព័ន្ធ នឹងត្រូវរៀបចំឲ្យហើយ មិនឲ្យផុតខែមករា ឆ្នាំ២០២១នេះទេ។ «ខ្ញុំកំពុងជជែកគ្នាមិនឲ្យផុតខែមករានេះទេ។ ប៉ុន្តែឥឡូវនេះកំពុងមើលស្ថានភាពរៀបចំក្រដាសស្នាម រួមទាំងទីស្នាក់ការបណ្តោះអាសន្ន ដែលតម្រូវឲ្យមានការបញ្ជាក់ពីឃុំសង្កាត់ទៀតផង»។ នេះបើតាមលោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងប្រាប់ Fresh News ។
សូមជម្រាបថា លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានបញ្ជាក់ថា លោកគ្រោងនឹងជួបពិភាក្សាជាមួយអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទាធ្វើនយោបាយ ដើម្បីរៀបចំឯកសារដាក់ជូនក្រសួងមហាផ្ទៃ សម្រាប់ការបង្កើតគណបក្សថ្មី ឆាប់ៗនេះ។ ការបញ្ជាក់របស់ លោក អ៊ូ ច័ន្ទរ័ត្ន បានធ្វើឡើងក្រោយពេលដែលលោកអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពី លោកស្រី មូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ មិនអាចធ្វើតាមអ្វីដែលលោកស្រីប្រកាសថា នឹងត្រឡប់មកប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា ជាដើម៕