(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កំណើតយានយន្ដនៅក្នុងប្រទេសកម្ពុជា គឺកើនឡើងជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃ ហើយគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ យានយន្ដដែលបានចុះបញ្ជីតាមច្បាប់ត្រឹមត្រូវ មានរហូតដល់ជិត៦លានគ្រឿង។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា កំណើនយានយន្ដជារៀងរាល់ថ្ងៃនេះ គឺដោយសារកត្តាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជួយឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ នឹងអាចមានលទ្ធភាពដើម្បីទិញយានយន្ដផ្សេងៗ។

ប៉ុន្ដែទន្ទឹមនឹងការកើនឡើងនូវយានយន្ដនេះ ក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ និងការគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលទាមទារ និងតម្រូវឲ្យប្រជាពលរដ្ឋត្រូវមានស្មារតីខ្ពស់នៅពេលបើកបរ ហើយបើកបរត្រូវគោរពច្បាប់ និងគិតពីសុវត្ថិភាពរបស់ខ្លួនឯងផ្ទាល់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា ឆ្លងតាមការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០២០កន្លងទៅ ប្រជាពលរដ្ឋមានការភ្ញាក់រលឹក និងចូលរួមយ៉ាងច្រើនលើសលុបជាមួយសមត្ថកិច្ច ក្នុងការគោរពច្បាប់ចរាចរណ៍ ទើបអាចកាត់បន្ថយបានអ្នកស្លាប់ និងចំនួនអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍បាន។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានកត់សម្គាល់ថា បើទោះបីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ត្រូវបានកាត់បន្ថយ ប៉ុន្ដែគ្រោះថ្នាក់នេះ នៅតែកើតឡើងខ្ពស់ជាងគ្រោះថ្នាក់សង្គមផ្សេងៗផងដែរ។

នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា ជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤ ទៅ៥នាក់ និងរបួសពី១០នាក់ ទៅ១២នាក់។ បញ្ហាទាំងអស់នេះ ទាមទារឲ្យមានការចូលរួមបន្ថែមទៀតពីប្រជាពលរដ្ឋ ដែលនេះជាសំណូមមួយចាំបាច់បំផុតរបស់សមត្ថកិច្ច៕