(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់ ក្នុងខេត្តប៉ៃលិន ត្រូវបន្តយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន ឱ្យបានទាន់ពេលវេលា ជាពិសេសមន្ត្រីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ឱ្យរួមគ្នាចុះជួយប្រជាពលរដ្ឋជួបគ្រោះអាសន្នទាំងកត្តាធម្មជាតិ និងកត្តាផ្សេងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ការជំរុញបែបនេះ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងការងារអតីតយុទ្ធជនក្នុងខេត្តប៉ៃលិន ដោយចូលរួមនាឱកាសនោះ មានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធីការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន លោកមេបញ្ជាការកងម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជនខេត្តប៉ៃលិន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ចំពោះការងារសមាគមថ្នាក់ដឹកនាំខេត្តបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង/ ស្រុក ឃុំ/ សង្កាត់ឱ្យបានល្អប្រសើ។ បន្តជំរុញធ្វើបច្ចុប្បន្នភាពសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ដែលនៅសេសសល់។ បន្តស្រាវជ្រាវ និងពិនិត្យលទ្ធភាពកសាងផ្ទះជូនអតីតយុទ្ធជនដែលពុំមានផ្ទះស្នាក់នៅសមរម្យ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សមាគមគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា និងគិតគូរអំពីសុខទុក្ខ និងដោះស្រាយការលំបាកខ្វះខាត ដល់បងប្អូនអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តប៉ៃលិន ផងដែរ។
លោកស្រី បាន ស្រីមុំ បានថ្លែងថា ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុនៅពេលអនាគត និងការមិនអាចព្យាករណ៍បាន, មានតែការរួមគំនិតគ្នាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តើមចេញពីប្រជាជនម្នាក់ៗ និងគ្រួសារនីមួយៗ ចូលរួមក្នុងភាពជាម្ចាស់ របស់មូលដ្ឋាន សហគមន៍ ដើម្បីការរស់នៅដោយសុវត្ថភាពធន់ជាមួយនឹងគ្រោះមហនមហន្តរាយ ឆ្លើយតបនឹងហានិភ័យនៃគ្រោះមហន្តរាយដែលតែងកើតមានឡើងក្នុងខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ បានប្តេជ្ញាចិត្តថានឹងបន្តអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីហានិភ័យនៃគ្រោះមហន្តរាយ និងការត្រៀមបង្ការឆ្លើយតប ដើម្បីពង្រីកការយល់ដឹង ការចូលរួមកាត់បន្ថយការខូចខាត និងបាត់បង់ដោយសារគ្រោះមហន្តរាយបន្តជំរុដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ អង្គការដៃគូ ចូលរួមគាំទ្រសកម្មភាពពាក់ព័ន្ធនានាក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត៕