(កោះកុង)៖ ប្រជាពលរដ្ឋដែលជាម្ចាស់ទូរស័ព្ទ បានចាប់ចោរលួចទូរស័ព្ទដៃរបស់ខ្លួន ពេលកំពុងសំរាកព្យាបាល ក្នុងមន្ទីរពេទ្យខេត្តកោះកុង រួចហើយបានស្វាគមន៍ម្នាក់១ដៃ-១ជើង ឡើងប៉ោងភ្នែកព្រោះតែខឹងពេក បណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់។​ ការចាប់ខ្លួនជនសង្ស័យលួចទូរស័ព្ទដៃ ​របស់អ្នកជម្ងឺ ខណៈកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តខាងលើនេះ បានកើតឡើង នៅយប់ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។ 

ប្រជាពលរដ្ឋដែលត្រូវចោរលួចទូរស័ព្ទចំនួន៥នាក់ បាននិយាយថា កាលពីក្បាលព្រលប់ ពួកគេឃើញជនសង្ស័យដើរមើលគ្រប់បន្ទប់ ហើយពួកគាត់ស្មានថា ជាកម្មកររបស់មន្ទីរពេទ្យ ក៏មិនប្រុងប្រយ័ត្ន លុះដល់ពេលយប់ជ្រៅ ស្រាប់តែជនសង្ស័យលួចបានចូល លួចទូរស័ព្ទអស់ចំនួន៥គ្រឿង។ ក្រោយកើតហេតុ មានការឆោរឡោហើយក៏បានដឹងច្បាស់ ក៏ហៅជនសង្ស័យមកសួរ ដើម្បីប្តឹងទៅសមត្ថកិច្ចរហូតមានការឃាត់ខ្លួន ហើយស្វាគមន៍១ដៃ-១ជើង មុនពេលប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តេង ផល្លី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានមុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចបានបន្តទៀតថា បើតាមបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ បានប្តឹងលោកច្រើនណាស់ ទើបតែពេលនេះ យើងឃាត់ខ្លួនបានហើយ ដោយអំណាចប្រជាពលរដ្ឋ៕