(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញប្រតិកម្មផ្លូវច្បាប់ជុំវិញ ការបន្តលួចចូលកាប់បំផ្លាញឈើល្អៗ ដើម្បីរៀនយកដីដោយកាប់ហើយដុតព្រៃ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ជុំវិញករណីនេះ មិនមែនជាលើកទី១នោះទេ ដែលឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប ត្រូវបានប្រជនរស់នៅក្បែរនោះ បាននាំគ្នាលួចចូលកាប់បំផ្លាញ់ដើមឈើធំៗប្រមាណ ៣០០ដើម នៅតែបន្តរងការកាប់បំផ្លាញ ហើយដើមឈើប្រភេទខុសគ្នាៗរាប់រយដើមដែលបានកាប់បំផ្លាញនោះ គឺត្រូវបានរកឃើញក្នុងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន។
តាមរយៈ Facebook, លោកបណ្ឌិត សុខ ទូច បានប្រតិកម្មយ៉ាងដូច្នេះថា៖ «ការអត់ធ្មត់របស់ខ្ញុំត្រូវបានបញ្ចប់ ដូច្នេះ យើងត្រូវតែអនុវត្ត...! ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញ ឈើល្អៗរៀនយកដីដោយកាប់ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដដែល ដូច្នេះ យើងនឹងចាប់ផ្ដើមអនុវត្តច្បាប់ហើយ ចាប់ពីពេលនេះទៅ យើងនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្តយកមករក្សាទុកហើយ»។
ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា រាជបណ្ឌិត្យសភា បានអប់រំឱ្យគាត់ស្រឡាញ់ព្រៃឈើអស់រយៈពេល ២ឆ្នាំហេីយ និងសុំឱ្យកុំកាប់ព្រៃឈើ កាប់ឈើរៀនយកដី ប៉ុន្តែគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំង។ល។
បន្ថែមពីនេះ រាជបណ្ឌិត្យសភា ក៏បានបង្កើតការងារឱ្យគាត់មកចិញ្ចឹមមគោទឹកដោះ ចៀម ពពែ។ ដើម្បីឱ្យគាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ (ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើអ្វីៗទាំងអស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កូនចៅជំនាន់ក្រោយរបស់គាត់។ បន្ថែមពីនេះ ក្រោយការរីករាលដាលជំងឺកូវីដ-១៩ចប់ កូនចៅរបស់គាត់នឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរជាដើម ដែលយើងនឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខ។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននឹងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះរួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
ទៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ កន្លែងទេសចរណ៍ទាំងនោះមានចចំនួន៤ រួមមានទី១៖ ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ, ទី២៖ ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ, ទី៣៖ ជាកន្លែងជំរកសត្វគ្រប់ប្រភេទ, ទី៤៖ ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥៖ ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ៕