(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកោះកុង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីក្រោមឱវាទ លោកគ្រូអ្នកគ្រូពេទ្យ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំនូវសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សចំនួន ២ភូមិ ស្ថិតក្នុងភូមិកំលត ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាតំបន់ដាច់ស្រយាល។
លោកស្រី មិថុនា ភូថង បានថ្លែងឲ្យដឹងថា ក្នុងនាមលោកស្រីជាអភិបាលខេត្តកោះកុង ទោះបីប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយទោះបីតំបន់ ព្រៃភ្នំ ជ្រលងដងអូរ និងតំបន់ដីកោះយ៉ាងណា ក៏អាជ្ញាធរព្យាយាមយាមធ្វើដំណើររហូតដល់គោលដៅ មិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ ជាក់ស្តែងនៅពេលនេះ ទោះបីត្រូវធ្វើដំណើរកាត់ព្រៃ កាត់ជ្រោះជ្រលងដងអូរ ក៏អាជ្ញាធរព្យាយាមដើម្បីបានជួប និងសួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់អាជ្ញាធរ និងមន្ត្រី គ្រប់ស្ថាប័នផងដែរ។
លោកស្រី មិថុនា ភូថង បានបន្តថា សូមពុកម៉ែ អ៊ំ ពូមា មីង រស់នៅតំបន់ព្រៃភ្នំនេះថែរក្សាសុខភាព និងការពារជំងឺផ្សេងៗឲ្យបានល្អស្របពេលអាកាសធាតុចុះត្រជាក់ ហើយអ្វីដែលសំខាន់សូមថែរក្សាសុខភាព ថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឯង ជាពិសេសសូមចូលរួមអនុវត្តន៍ការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូល ក្នុងសហគមន៍ ហើយបើមាននណាដែលធ្វើដំណើរមកពីក្រៅប្រទេស សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងការទប់ស្កាត់នៃចម្លងកូវីដ១៩ ហើយត្រូវអនុវត្តន៍ ការផ្សព្វផ្សាយណែនាំអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយបើមានបញ្ហាសុខភាពខុសពីប្រក្រតី សូមទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ជួបលោកគ្រូ ពេទ្យ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ស្តាប់តាមការណែនាំរបស់លោកគ្រូពេទ្យ។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ទៀតថា ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានលះបង់គ្រប់កាលៈទេសៈ ដើម្បីស្វែងរកសន្តិភាព ទើបធ្វើឲ្យប្រទេសជាតិមានភាពរីកចំរើន មានការអភិវឌ្ឍន៍គ្រប់វិស័យ ហើយសន្តិភាពនេះហើយដែលធ្វើឲ្យយើងបានជួបជុំក្រុមគ្រួសារ មានភាព សប្បាយរីករាយ ហើយមានសេរីភាពពេញលេញ ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍នេះ ជាពិសេសសម្តេចបានធ្វើឱ្យប្រទេសជាតិ មានភាពល្បីល្បាញនៅលើ ឆាកអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ពលរដ្ឋចំនួន៤៨០គ្រួសារ ក្នុង១គ្រួសារ ទទួលបានក្រណាត់៥ម៉ែត្រ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ សាប៊ូ ១ចំនួន លោកគ្រូ អ្នកគ្រូ១១នាក់ ទទួលបានសម្ភារសិក្សា និងថវិកាមួយចំនួន សិស្ស៣៣៤នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា១ឈុតផងដែរ៕