(បន្ទាយមានជ័យ)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០និង លើកទិសដៅការងារ២០២១ របស់បន្ទាយមានជ័យ ត្រូវបានធ្វើឡើងក្រោមអធិបតីនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ទូទាំងខេត្តបានទទួលរងគ្រោះមហន្តរាយជាច្រើនផងដែរ ដោយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះឧបទ្ទវហេតុផ្សេងៗ ដូចជាជំនន់ទឹកភ្លៀង ប៉ះពាល់ ៩ក្រុង-ស្រុក ៦០ឃុំ-សង្កាត់, មនុស្សស្លាប់ ២៨នាក់ (ស្មើ ៤៨% នៃប្រជាជនស្លាប់ទូទាំងប្រទេស), ប៉ះពាល់ប្រជាជន ៤៨,៧២៨គ្រួសារ (ស្មើ ២២% នៃចំនួនប្រជាជនប៉ះពាល់ សរុបទូទាំងប្រទេស), ជម្លៀស ៥,៥១៤គ្រួសារ (ស្មើ ១១% នៃចំនួនប្រជាជនប៉ះពាល់សរុបក្នុងខេត្ត), លិចស្រូវ ៧៩,៦៥៨ហិកតា (ខូចខាត ៣៣,៤០៤ហិកតា), ខូចខាតផ្លូវជាតិ-ផ្លូវខេត្ត ១២.៩គ.ម ផ្លូវលំជនបទ ប៉ះពាល់ ៧៩៥គ.ម (ខូចសរុប ៦៨ខ្សែ ខូចធ្ងន់ ៣២ខ្សែ ជួសជុលរួច ១៣ខ្សែ) និង ខូចខាតប្រព័ន្ធធារាសាស្ត្រ ២១កន្លែង។
ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារថវិកាពីសម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់កម្លាំងសរុបចំនួន ៥,០៦៦នាក់ និងបានទទួលអំណោយសង្គ្រោះបន្ទាន់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចំនួន ៨០,០០០គ្រួសារ (អំណោយសម្តេចតេជោ ៤១,០០០គ្រួសារ) អំណោយពីកាកបាទក្រហមកម្ពុជា អង្គការជាដៃគូ និងក្រុម ការងារក៏ដូចជា សប្បុរសជនធ្វើឲ្យខេត្តមានលទ្ធភាពឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីតយុទ្ធជនដែលជួបការលំបាកបានល្អផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំ ជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះមហន្តរាយ បានដាក់ចេញវិធានការបន្ទាន់ក្នុងការស្រោចស្រង់ជីវភាព និងការធ្វើស្រែ ក៏ដូចជាដាំដំណាំផ្សេងៗជូនប្រជាពលរដ្ឋក្រោយទឹកបានស្រកទៅវិញ។ ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ បានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមានក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ ធ្វើសកម្មភាពព្រមៗក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានបន្តចុះពិនិត្យជាក់ស្តែងលើការបង្ករបង្កើនផល ស្តារឡើងវិញ របស់បងប្អូនប្រជាកសិករក្នុងស្រុកមង្គលបុរី និងចុះជួបសំណាល ព្រមទាំងប្រគល់ផ្ទះជូនដល់គ្រួសារក្រីក្រ ដែលរងគ្រោះដោយជំន់ទឹកភ្លៀងនាពេលកន្លងទៅក្នុង ឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យផងដែរ៕