(ភ្នំពេញ)៖ បនល្បែងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវលេខ២៧១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ គេសង្កេតឃើញថា នៅតែអាចលួចបើកដំណើរ ការលេងបានស្ងាត់ៗដោយរលូន ក្រោយពីមានប្រជាពលរដ្ឋសំណូមពរដល់លោកស្រីចៅសង្កាត់ទួលសង្កែទី១ ឲ្យជួយចាត់វិធានការចុះពិនិត្យ និងបង្ក្រាបបិទចោល ដើម្បីជាការចូលរួមចំណែកគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ឲ្យជួយចាត់វិធានការចុះបង្ក្រាបបិទចោលបនល្បែងហ្គេមបាញ់ត្រីមួយកន្លែង ដែលកំពុងលួចបើកដំណើរការលេងស្ងាត់ៗយ៉ាងរលូន ទាំងយប់ទាំងថ្ងៃ ដោយមកទល់ពេលនេះ នៅពុំទាន់ឃើញមានការចុះពិនិត្យជាក់ស្ដែងលើទីតាំងនេះឡើយ ក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មនានា។
ក្រៅពីសំណូមពរដល់អាជ្ញាធរសង្កាត់នោះ ពួកគាត់ក៏បានសំណូមដល់អាជ្ញាធរខណ្ឌ ដើម្បីចាត់វិធានការផងដែរ ដើម្បីកុំឲ្យកូនៗរបស់ពួកគាត់វក់នឹងល្បែងទាំងនេះ។
លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មិនទាន់អាចសុំការបំភ្លឺបន្ថែមទេ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ៕