(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «កាលពីមុន កម្ពុជាត្រូវបានពិភពលោកស្គាល់ ដោយសាររបប វាលពិឃាដ ប៉ុន្តែបច្ចុប្បន្នពិភពលោកស្គាល់ប្រទេសកម្ពុជា ដោយសារប្រាសាទអង្គរវត្ត និងការអភិវឌ្ឍឥតឈប់ឈរ ហើយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប កាន់តែមានមោទនភាព ចំពោះមាតុភូមិរបស់ខ្លួន ដោយសារកម្ពុជាកាន់តែត្រូវ បានពិភពលោកទទួលស្គាល់ ដោយសារមានការអភិវឌ្ឍលឿន មិនគួរឱ្យជឿ ក្នុងរយៈពេលជាង១៧ឆ្នាំចុងក្រោយនេះ ក្រោមសុខសន្តិភាពប្រកបដោយស្ថិរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត លន់ លឹមថៃ ធ្វើឡើងក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា នៅវត្តគគរ ឃុំគគរ ស្រុកកំពង់សៀម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លើសពីនេះទៅទៀត លោកអភិបាលខេត្ត បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវបង្កើនភាពជាពលរដ្ឋល្អរបស់កម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍប្រទេសឱ្យមាននិរន្តរភាព។
លោក លន់ លឹមថៃ បានថ្លែងទៀតថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម លោកប្តេជ្ញាអភិវឌ្ឍខេត្តកំពង់ចាម ជាពិសេសក្រុងកំពង់ចាម ឱ្យក្លាយជាទីក្រុងនៃស្នាមញញឹម ជាទឹកដីនៃឱកាស ជាទីកន្លែងដែលប្រជាជនខ្លួនឯង មិនចង់ចាកចេញ និងជាកន្លែងដ៏ពិសិដ្ឋ ដែលប្រជាជនខេត្តដទៃ និងភ្ញៀវទេសចរ អន្តរជាតិចង់មកលេង ជាមួយនឹងអារម្មណ៍ នឹករលឹកក្រោយពីចាកចេញ។
លោកប្តេជ្ញាចិត្តថានឹងអភិវឌ្ឍទីក្រុងកំពង់ចាម ដោយផ្អែកលើទស្សនៈវិស័យ ១-ទីក្រុងផ្កា, ២-ទីក្រុងបៃតង, ៣-ទីក្រុងមានសណ្តាប់ធ្នាប់, ៤-ទីក្រុងលម្អដោយភ្លើងអគ្គិសនី និង៥-ទីក្រុងនៃពាណិជ្ជកម្ម តាមរយៈការបង្កើននូវសក្តានុពល វិនិយោគវិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគជាតិ អន្តរជាតិ។ ក្តីស្រមៃនេះនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានេះដែរ លោកអភិបាល បានអំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តកំពង់ចាម ដើម្បីជាការកំសាន្ត ជាពិសេសនៅក្នុងពិធីបុណ្យទន្លេ ដែលនឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី១១ដល់ ១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខ នៅទីក្រុងកំពង់ចាម ខេត្តកំពង់ចាម៕