(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ បញ្ហាប្រឈមឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដពោធិ៍សាត់។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក កែវ រតនៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ពិធីនេះ រៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានប្រេងកាត។
លោក ស៊ុយ សែម បានឲ្យដឹងថា ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២០ បានប្រឈមនឹងបញ្ហាធំៗ បង្កឡើងដោយការគម្រាមកំហែងពីហានិភ័យ នៃជំងឺកូវីដ១៩ផង និងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិទឹកជំនន់ផង។
លោកថា រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានប្រមូលផ្តុំកំលាំងសរុប ធនធានសរុប និងការរួមសហការគ្នា យ៉ាងសកម្ម ក្នុងការជំនះដោះស្រាយបញ្ហាប្រឈមទាំងនោះ រក្សាការពារបាននូវប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ទីកន្លែងមិនថា ជនបទ ឬក្រុង។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវបានរៀបចំបែងចែក ជាក្រុមការងារតូចៗ ទៅតាមបណ្តាភូមិ-ឃុំ សំដៅបង្កើនបាននូវប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ជីវភាពជាក់ស្តែង ជាមួយប្រជាពលរដ្ឋផង និងដើម្បីជំនះបានបញ្ហាប្រឈម ដែលកើតឡើងក្នុងឆ្នាំនេះ ផងដែរ។
តាមរយៈវិធានការទាំងនេះ ក្រុមការងារបានចូលរួមចំណែក បានយ៉ាងសកម្ម និងទាន់ពេលវេលា ជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងក្នុងការខិតខំជំរុញសម្រេចបាន សមិទ្ធផលសំខាន់ៗ ពីការអនុវត្តកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦។
លទ្ធផល និងសមិទ្ធិផលសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានក្នុងឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ តាមរយៈការចូលរួមចំណែក យ៉ាងសកម្ម ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តពោធិ៍សាត់ មានជាច្រើន។
ក្នុងនោះ ក្រុមការងារថ្នាក់ជាតិ បានបំពេញតួនាទីយ៉ាងសំខាន់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋអំណាចមូលដ្ឋាន ហើយរារាំងទប់ស្កាត់បាន ប្រកបដោយ ប្រសិទ្ធិភាព នូវរាល់ឧបាយកល និងសកម្មភាពចលនាវិច្ឆេទកម្មនយោបាយ រក្សាបាននូវជំនឿ និងភាព នឹងនខាងសតិអារម្មណ៍ នយោបាយរបស់ប្រជាជន និងបង្កើតបាននូវការ គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ របស់ជាតិ នៅក្នុងឆ្នាំ២០២០។
លើសពីនោះទៀត បានជួយគាំទ្រយ៉ាងសកម្ម ដល់ការកសាងសមត្ថភាព របស់កំលាំងសមត្ថកិច្ចនៅមូលដ្ឋាន និងការឧបត្ថម្ភចិញ្ចឹមចលនានៃកំលាំងប្រជាការពារ ដែលបានជំរុញអនុវត្ត បានដោយជោគជ័យនូវបណ្តា គោលដៅសំខាន់ៗ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងរក្សាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅគ្រប់ទីកន្លែង ទាំងនៅតំបន់ជនបទដាច់ស្រយ៉ាល ទាំងនៅតំបន់ប្រជុំជន ឬក្រុងផងដែរ៕