(ភ្នំពេញ)៖ សហគ្រិនខ្មែរ គឺជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និង EnergyLab ដែលជាអ្នកបណ្តុះបណ្តាលធុរកិច្ចបង្កើតថ្មី ក្នុងវិស័យថាមពលស្អាតតែមួយគត់ នៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មី ផ្នែកថាមពលស្អាតក្នុងវិស័យកសិកម្មនេសាទ និងវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា ដោយទទួលបានកញ្ចប់ថវិកា ជំនួយពីសហភាពអឺរ៉ុប។
ភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់គំនិតអាជីវកម្ម របស់សហគ្រិនផ្នែកថាមពលស្អាត ក្នុងការអភិវឌ្ឍផលិតផលប្រកួតប្រជែង ដែលឆ្លើយតបទៅនឹងតម្រូវការថាមពល របស់សហគ្រាសកសិជលផលនៅតំបន់បឹងទន្លេសាប។ EnergyLab នឹងជ្រើសរើសធុរកិច្ចបង្កើតថ្មី ផ្នែកថាមពលស្អាត ចំនួន៥-១០ ក្នុងមួយឆ្នាំ ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរកិច្ចបង្កើតថ្មី រយៈពេល១ឆ្នាំ ដើម្បីណែនាំអាជីវកម្មទាំងនោះ ជាមួយនឹងការបណ្ដុះបណ្ដាលយ៉ាងដិតដល់ ការណែនាំ និងការប្រឹក្សាយោបល់មួយទល់នឹងមួយ ។
សហគ្រិនខ្មែរនឹងផ្តល់ថវិកា «ជំនួយវិនិយោគដំបូង» ទៅដល់ធុរកិច្ចបង្កើតថ្មី ដែលត្រូវបានជ្រើសរើស សម្រាប់ការបង្កើតគំរូផលិតផលសាកល្បង ផ្នែកលក់ ផ្នែកទីផ្សារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្ម។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានថ្លែងថា ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរមានចក្ខុវិស័យ ដើម្បីក្លាយជាថ្នាលជាតិ សម្រាប់លើកកម្ពស់វិស័យសហគ្រិនភាពនៅកម្ពុជា។
លោកបណ្ឌិតបានបន្តថា «ភាពជាដៃគូនេះ មានភាពសមស្របទៅនឹងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជាវិស័យអាទិភាពមួយរបស់សហគ្រិនខ្មែរ ដែលមានវិស័យកសិ-ឧស្សាហកម្ម ក្នុងបំណងចង់បង្កើត វិនិយោគ និងគាំទ្រអាជីវកម្មដែលទទួលបានជោគជ័យ នៅក្នុងវិស័យនេះ។ តាមរយៈកម្មវិធីនេះ ធុរកិច្ចបង្កើតថ្មីអាចទទួលបានការគាំទ្រ ដែលពួកគេត្រូវការ ដើម្បីកែប្រែគំនិតអាជីវកម្ម ទៅជាអាជីវកម្មជាក់ស្តែង និងភាពរីកចម្រើន ក៏ដូចជាទាក់ទាញការវិនិយោគទុនផងដែរ។ សហគ្រិនខ្មែរមានបំណង ជួយទាក់ទាញអ្នកវិនិយោគផ្សេងៗ ដើម្បីទទួលបានជោគជ័យក្នុងរយៈពេលវែង»។
កម្មវិធីបណ្តុះបណ្តាលធុរកិច្ចបង្កើតថ្មីបស់ EnergyLab គឺជាផ្នែកមួយនៃកម្មវិធី «SWITCH to Solar» ដែលទទួលបានថវិកា តាមរយៈកម្មវិធីជំនួយ SWITCH-Asia របស់សហភាពអឺរ៉ុប ដឹកនាំដោយ People in Need និងរួមសហការជាមួយក្រុមហ៊ុន Sevea។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ការគាំទ្ររបស់យើងនឹងជួយជម្រុញឱ្យសហគ្រិនកម្ពុជា អភិវឌ្ឍបច្ចេកវិទ្យាបៃតងថ្មី និងបង្កើតដំណោះស្រាយជំនួញ សម្រាប់វិស័យកសិកម្មវារីវប្បកម្ម និងនេសាទ។ នវានុវត្ដន៍ដោយប្រើថាមពលស្អាត នៅក្នុងខ្សែចង្វាក់គុណតម្លៃអាចជួយអាជីវកម្ម នៅតំបន់ជនបទពង្រីកអាជីវកម្មរបស់ខ្លួន ពង្រឺងភាពប្រកួតប្រជែង និងក្រាលថ្នាលសម្រាប់ការរើបឡើង នៃសេដ្ឋកិច្ចដោយផ្អែកលើបច្ចេកវិទ្យាបៃតង»។
កម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចបង្កើតថ្មី ផ្នែកថាមពលស្អាតក្នុងវិស័យកសិកម្ម និងវារីវប្បកម្មគាំទ្រសហគ្រិនចំនួន៧នាក់ដំបូង ដែលកំពុងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីបង្កើនផលិតកម្មវារីវប្បកម្ម និងកសិកម្ម និងបង្កើនប្រសិទ្ធភាពតម្លៃក្រោយប្រមូលផល ដូចជាការក្លាស្សេ ឬការសម្ងួតដោយពន្លឺព្រះអាទិត្យ។ ធុរកិច្ចបង្កើតថ្មីមួយ ដែលត្រូវបានជ្រើសរើសក៏កំពុងធ្វើការលើឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ ដើម្បីបង្កើនផលិតភាពនៃកសិដ្ឋានចិញ្ចឹមត្រី។
លោក ស៊ុម វី នៃក្រុមហ៊ុន Agricultural Technique បានថ្លែងថា «ខ្ញុំជឿជាក់ថាបច្ចេកវិទ្យានេះ អាចផ្លាស់ប្តូរការអនុវត្តនៅក្នុងវិស៍័យវារីវប្បកម្ម បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ វានឹងជួយកសិករបង្កើនទិន្នផល និងបង្កើតប្រាក់ចំណូលបន្ថែមទៀត»។
លោក Antoine Denizart នាយកនៃគម្រោង SWITCH to Solar របស់ EnergyLab បានថ្លែងថា «ការសហការជាមួយសហគ្រិនខ្មែរ អនុញ្ញាតឱ្យយើងអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលរបស់យើង និងបង្កើនវឌ្ឍនភាពរបស់ធុរកិច្ចថ្មី ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ឱកាសក្នុងការបង្កើតតម្លៃជាមួយដំណោះស្រាយថាមពលស្អាត ក្នុងវិស័យកសិកម្ម និងវារីវប្បកម្មមានច្រើនលើសលប់ ប៉ុន្ដែគម្រោងទាំងនេះមានភាពស្មុគស្មាញ និងដំណោះស្រាយអាជីវកម្មល្អមានចំនួនតិចតួចក្នុងប្រទេសកម្ពុជា។ ពួកយើងមានសេចក្ដីសោមន្សរីករាយក្នុងការសហការជាមួយសហគ្រិនខ្មែរ ពីព្រោះតែការគាំទ្រពីសហគ្រិនខ្មែរនឹងជួយសហគ្រិនក្នុងការចាប់យកឪកាសទីផ្សារ ក្នុងខណៈបន្ធូរបន្ថយហានិភ័យក្នុងដំណើរការនវានុវត្ដន៍របស់ពួកគេ»។
កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មថាមពលស្អាត ក្នុងវិស័យកសិកម្ម និងវារីវប្បកម្មលើកទី ២ នឹងចាប់ផ្តើមទទួលយកពាក្យនៅខែសីហា ឆ្នាំ ២០២១៕