(ភ្នំពេញ)៖ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ពោធបញ្ចេញវណ្ណកម្មថ្មីមួយក្បាលទៀតហើយ ដែលត្រូវបានរៀបចំជាកំណាព្យកាព្យឃ្លោង ក្រោមចំណងជើងថា «កម្រងកំណាព្យពីដួងចិត្ត»។ ការសម្ពោធសៀវភៅថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅបណ្ណាគារម៉ូនូមែនប៊ុក។

ថ្លែងក្នុងឱកាសនោះ ឧកញ៉ា គួច ម៉េងលី បានឲ្យដឹងថា សៀវភៅនេះ ជាប្រភេទសៀវភៅកម្រងកំណាព្យ ដែលផ្ទុកទៅដោយបណ្តុំទស្សនៈយល់ឃើញជុំវិញបញ្ហា សីលធម៌ គុណធម៌ គតិអាជីវកម្ម គតិអប់រំទូទៅ ការតស៊ូក្នុងជីវិត និងគិតជុំវិញភាពជាអ្នកដឹកនាំ ។ល។ ហើយរាល់គតិ ទស្សនៈ និងគន្លឹះទាំងអស់នោះ គឺសុទ្ធសឹងតែជាអ្វីៗដែលអ្នកនិពន្ធខ្លួនឯងធ្លាប់បានឆ្លងកាត់ដោយផ្ទាល់។

សេចក្តីសង្ខេបអំពី «កម្រងកំណាព្យពីដួងចិត្ត» រួមមាន៖

* កម្រងកំណាព្យនេះ បង្ហាញទស្សនៈ អំពីការតស៊ូស្វែងរកភាពជោគជ័យក្នុងជីវិត
* ចែករំលែកទស្សនៈជុំវិញបញ្ហាសីលធម៌ និងទង្វើក្នុងនាមមនុស្សជាតិ
* ចែករំលែកកន្លឹះ ជុំវិញផ្នត់គំនិតអាជីវកម្ម
* ចែករំលែកទស្សនៈ ជុំវិញភាពជាអ្នកដឹកនាំ
* ចែករំលែកមេត្តាភាព
* ជំរុញលើកទឹកចិត្ត
* ផ្តល់ភាពក្លាហ៊ាន
* លើកយកសម្រស់ និងសោភណ្ឌកំណាព្យខ្មែរមកតាក់តែងឡើង។

លក្ខណៈនៃសៀវភៅខាងលើនេះដែររួមមាន៖

* ផ្សាយដោយ៖ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
* កាលបរិច្ឆេទ៖ ខែកញ្ញា គ.ស. ២០២០
* ចំនួនទំព័រ៖ ៣៥៦ ទំព័រ
* ទំហំ៖ ១៣ cm X ១៩.៥ cm
* ភាសា៖ ខ្មែរ
* បោះពុម្ពលោកទី១ ចំនួន ៣០០០ ច្បាប់
* តម្លៃ៖ ៣២៨.០០ រៀល (8.00 USD)។

នៅចំពោះមុខភ្ញៀងកិត្តិយស និងក្រុមអ្នកសារព័ត៌មាននានា លោកឧកញ៉ា គួច ម៉េងលី បានឲ្យដឹងដែរថា ថវិកាដែលបានមកពីការលក់សៀវភៅនេះ និងសៀវភៅផ្សេងៗទៀតដែលលោកនិពន្ធឡើង នឹងបរិច្ចាគជូនមូលនិធិ ម៉េងលី ជេ. គួច យកទៅជួយផ្នែកការងារមនុស្សធម៌។ និយាយជារួម ការនិពន្ធសៀវភៅរបស់លោក មិនមែនដើម្បីរកកម្រៃឡើយ ប៉ុន្តែជាសកម្មភាពរួមចំណែក ជួយលើការងារសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ជាពិសេសអភិវឌ្ឍន៍វិស័យអប់រំ ផ្តោតលើអក្សរសាស្ត្រជាតិ។

លោកក៏ប្រកាសឲ្យដឹងបន្ថែមថា លោកនឹងផ្តល់សៀវភៅរបស់លោកដោយឥតគិតថ្លៃ ដល់ប្រិយមិត្តដូចជា អ្នកខ្វះខាតថវិកា អ្នកចង់បង្កើតបណ្ណាល័យតាមសហគមន៍ និងអ្នកដែលចង់បង្កើតបណ្ណាល័យចល័តជាដើម៕