(ភ្នំពេញ)៖ ក្រុមអ្នកជំនាញក្នុងវិស័យជំនួញកម្ពុជាជាច្រើនរូប បានរៀបចំពិធីជួបជុំគ្នារវាងម្ចាស់អាជីវកម្ម និងបណ្តាប្រធានក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដើម្បីឱ្យម្ចាស់អាជីវកម្មថ្មីៗ បានរៀនពីភាពជោគជ័យលើអាជីវកម្ម ដូចជាឱ្យចេះបង្កើតក្រុមហ៊ុន ចេះគ្រប់គ្រងក្រុមហ៊ុនស្របច្បាប់ បង់ពន្ធត្រឹមត្រូវ ចេះគ្រប់គ្រងហរិញ្ញវត្ថុ ចេះរកប្រាក់បណ្តាក់ទុនរួមគ្នា និងឈានដល់ទីផ្សារភាគហ៊ុនដែលហៅកាត់ថា IPO កាលពីសប្តាហ៍មុន នៅសណ្ឋាគារ Raffles Hotel Le Royal។
នេះគឺជាជំនួបលើកទី២ហើយ ដែលរៀបចំឡើងក្រុមឥន្ទ្រី The Eagles Meet Up និងត្រូវបង្កើតឡើងដោយមជ្ឈមណ្ឌលសម្រាប់ ការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំ (Leadership and Development Center) ដែលមានលោក ខេន ស៊ីម ជាអគ្គនាយកគ្រប់គ្រង ក្នុងគោលដៅដើម្បីបង្កើតការជួបជុំរវាងម្ចាស់អាជីវកម្ម និងបណ្តាប្រធានក្រុមហ៊ុនធំៗជាច្រើនផ្សេងៗទៀត។
សម្រាប់ការជួបជុំលើកទី២ របស់សមាជិក Eagles 101 នេះ ក៏មានការផ្តល់កិត្តិយសចូលរួមដោយលោក Eric TAN ជាប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចភ្នំពេញពិសេស (PPSEZ) ដោយលោកក៏បានជួយចែករំលែក ពីអភិបាលកិច្ចសាជីវកម្ម (Corporate Governance of the listed company) រួមគ្នាផងដែរ។
ក៏មានការអញ្ជើញចូលរួមដោយ Mr. KT Han – Managing Director at Yuanta Securities និង Mr. Joshua HONG - Associate at OOCTANE CAMBODIA លើសពីនេះទៅទៀតក៏មានការចូលចែករំលែក បទពិសោធន៍ដោយអ្នកជំនាញមកពីក្រុមហ៊ុន Yak Capital PLC, QMED Capital PLC, Fourmi Rouge PLC និង Taurus Captital PLC ផងដែរ ដូច្នេះម្ចាស់អាជីវកម្មដែលបានចូលរួម ទទួលបានបទពិសោធន៍ដ៏ច្រើន និងសំខាន់ៗសម្រាប់ដំណើរការរបស់ក្រុមហ៊ុន ឬអាជីវកម្មរបស់ពួកគេ៕