(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ មានគ្រាប់យុទ្ធភណ្ឌជាង ១តោនបន្ថែមទៀតហេីយ ត្រូវបានកម្លាំងបោសសម្អាត ស្រង់ចេញពីនាវាចម្បាំងចំណាស់ ក្នុងទន្លេខេត្តកំពង់ចាម ធ្វើឱ្យចំនួនគ្រាប់សរុប ដែលបានស្រង់កើនឡើងជាង ៦តោន។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។
គ្រាប់ជាង ៦តោន ដែលកម្លាំងជំនាញបានស្រង់ចេញពីក្លូបនាវាច្បាំងចំណាស់ ១គ្រឿងនេះ គឺស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលវាត្រូវបានលិចជាមួយនាវា ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិល។ មកដល់ពេលនេះកម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងប្រតិបត្តិការយ៉ាងក្តៅគគុកលើការងារនេះ។
ពាក់ព័ន្ធនឹងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាចម្បាំងដែលបានលិចកប់ក្នុងទន្លេនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានលើកឡើងពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវឱ្យក្រុមការងារជំនាញសិក្សាបន្ថែមព្រោះថា មានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន បានដាច់ហើយមកតោងជាប់នឹងនាវា ដែលចំណុចនេះទាមទារឱ្យក្រុមជំនាញធ្វើការប្រមូលចេញ និងជាមូលហេតុធ្វើឱ្យមានការលំបាកលក្នុងការប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាក់សំណល់សង្គ្រាមចេញពីនាវាចម្បាំងជាដើម។
មេបញ្ជាការរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនត្រឹមតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះទេ គឺកម្លាំងជំនាញរបស់លោកបានប្រមូលវត្ថុតាងជាច្រើនរួមមាន៖ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ជាដើម»។
បើតាមលោកមេបញ្ជាការរូបនេះ, គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រផងដែរ។
មេបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា សម្រាប់គ្រាប់យុទ្ធនៅក្នុងក្លូបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី ១០តោន ទៅ ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើនណាស់។ ប៉ុន្តែ បើទោះបីជាចំនួនគ្រាន់ច្រើនយ៉ាងណាក៏ដោយក្នុងនាមលោកជាមេបញ្ជា នឹងខិតខំប្រឹងសម្រេចកិច្ចការងារនេះ ឱ្យរួចរាល់តាមគោលការណ៍ ដូច្នេះដើម្បីជំរុញកិច្ចប្រតិបត្តិការប្រកបដោយភាពស្មុគ្រស្មាញ និងប្រឈមមុខចំពោះការគ្រោះថ្នាក់នេះ កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកនេះ ត្រូវបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។
ដេីម្បីដោះស្រាយករណីនេះ រាជរដ្ឋាភិបាល បានបង្កេីតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ដេីម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ។
ពាក់ព័ន្ធនឹងការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តែងដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សទៅតាមផែនការដែលបានកំណត់។
បើយោងតាមតាមរបាយការណ៍របស់ក្រុមការងារ បានឱ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេ ប្រមាណ១៥០ហិកតា៕