(ឧត្តរមានជ័យ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងបានប្រឹងប្រែងសម្រេចនូវសមិទ្ធផលជាច្រើនជួយគាំទ្រដល់ផលិតរ និងជំរុញដល់ការនាំចេញនូវផលិតផលរបស់ខ្មែរ។
ក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ជារៀងរាល់ឆ្នាំ។ ក្នុងនោះវិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ។ ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ»។
លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា ក្រសួងពាណិជ្ជកម្ម ក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម «MALYS ANGKOR» ម៉ាកសម្គាល់ភូមិសាស្ត្រ «ម្រេចកំពត» បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» «អំបិលនិងផ្កាអំបិលកំពត» «ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់» ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និងម៉ាកសមូហភាព «គុយទាវភ្នំពេញ» ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព «អំបុកកំពង់ធំ» «ពងទាកូនខេត្តតាកែវ» «នំបញ្ចុកខេត្តសៀមរាប» «ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល» «ស្មូនឆ្នាំងដី» កំពង់ឆ្នាំង។
ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ។
ក្នុងជំនួបសំណេះសំណាលនោះ លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ។ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត៕