(ព្រះវិហារ)៖ យ៉ាងហោចណាស់ជនជាតិចិន២នាក់ និងជនជាតិខ្មែរម្នាក់ បានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ក្រោយពីជនរងគ្រោះ និងជនបង្កបានឈ្លោះទាស់ទែងគ្នា ពេលចូលផឹកស៊ី និងច្រៀងលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ចូលតាមផ្លូវជិតក្រុមហ៊ុនចំការអំពៅ នាស្រុកឆែប ខេត្តព្រះវិហារ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយជនដៃដល់ និងបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាល ចុះទៅចាប់ខ្លួនទាំងយប់ផងដែរ។
អធិការនគរបាលស្រុកឆែប លោក ឈួន ម៉ាឌី បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា មុនពេលកើតហេតុ ជនជាតិចិនមួយក្រុម និងបុរសជនជាតិខ្មែរផងដែរ ដែលជាកម្មករបម្រើការងារ នៅក្រុមហ៊ុនចិនចំការអំពៅ បានចូលទៅច្រៀងនៅហាងខារ៉ាអូខេ ស្ថិតនៅក្បែរក្រុមហ៊ុនរបស់ខ្លួន ដោយមាននារីបម្រើខារ៉ាអូខេ អង្គុយកំដរ។ ក្រោយចប់ការច្រៀងលេងកំសាន្ត ជនជាតិចិនទាំងនោះ បានហុចលុយ១០០ដុល្លារ ទៅឲ្យនារីបម្រើខារ៉ាអូខេ ប៉ុន្តែនាងមិនអាប់ឲ្យវិញនោះឡើយ ក៏កើតជម្លោះរហូតជនជាតិចិននោះ បានប្រើអំហិង្សាលើនារីកំដរ។
លោកអធិការបានបញ្ជាក់ថា នៅពេលជនរងគ្រោះចេញមកក្រៅ ស្រាប់តែត្រូវជនបង្ក ដែលកាងឲ្យនារីបម្រើខារ៉ាអូខេ ចេញមករករឿង និងចាក់ដោយកាំបិត បណ្តាលឲ្យជនជាតិចិន២នាក់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសជនជាតិខ្មែរម្នាក់រងរបួសធ្ងន់ ខណៈសេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តថា ក៏បានបានស្លាប់ផងដែរ។
បើតាមលោក ឈួន ម៉ាឌី ជនបង្ក៤នាក់ត្រូវបានកម្លាំង នគរបាលរបស់លោកចាប់ខ្លួន ហើយនៅរសៀលថ្ងៃនេះ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕