(រតនគិរី)៖ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រិយ៍ថៃ សិរិថន យាងសម្ពោធដាក់ឲ្យប្រើប្រាស់ «មណ្ឌលសុខសាមគ្គី» ស្ថិតនៅភូមិបញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ មណ្ឌលសុខភាពនេះ ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាជាង ២០ម៉ឺនដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រិយ៍ សិរិនថន។
យោងតាមមន្រ្តីសាលាខេត្តរតនគិរី បានឲ្យដឹងថា «មណ្ឌលសុខភាពសាមគ្គី» មានចំនួនពីរខ្នង ក្នុងនោះមួយខ្នងប្រើសម្រាប់បម្រើសេវាព្យាបាល និង មួយខ្នងប្រើសម្រាប់បុគ្គលិកស្នាក់នៅ។ មណ្ឌលនេះត្រូវបានចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥ ហើយ បានសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០១៥នេះ។
សូមបញ្ជាក់ថា មុននិងយាងទៅសម្ពោធមណ្ឌលសុខភាពនេះ ព្រះមហាក្សត្រិយ៍ថា បានយាងទៅទតកម្សាន្ត និង សោយព្រះក្រយានៅរមណីយដ្ឋានបឹងយក្សឡោមផងដែរ។
ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ព្រះ អង្គម្ចាស់ក្សត្រី នឹងយាងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ។
អំឡុងពេលបំពេញព្រះរាជទស្សនកិច្ច ៣ថ្ងៃនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ ក៏នឹងយាងទៅសម្ពោធវិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ ដែលជាវិទ្យាស្ថានស្ថិតក្រោមគម្រោងព្រះរាជអំណោយរបស់ព្រះអង្គ ហើយក៏នឹងយាងប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្នុងខេត្តកំពង់ធំផងដែរ៕