(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញ ចូលរួមក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ២២កុម្ភៈ បានអំពាវនាឲ្យប្រជាពលរដ្ឋគ្រប់ឋានៈ និងគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នអគ្គិភ័យឆេះផ្ទះ ដែលបង្កដោយចរន្តអគ្គីសនី ខណៈបញ្ហាចរន្តអគ្គិសនីនេះ បានបង្កការកើតឡើងច្រើនជាងគេ។

​សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង នៅក្នុងទិវាជាតិ ស្តីការបង្ការ និងពន្លត់អគ្គីភ័យ លើកទី១ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវ ពិនិត្យប្រព័ន្ធខែ្សតភ្ជាប់ចរន្តអគ្គិសនី នៅក្នុងកេហរដ្ឋានរបស់ខ្លួន ប្រសិនបើខែ្សបណ្តាញចរន្តអគ្គីសនីយល់ថា មិនត្រឹមត្រូវតាមប្រព័ន្ធបច្ចេកទេស ត្រូវកាត់ផ្តាច់ ឬត្រូវផ្លាស់ប្តូរចេញ ដើម្បីជៀសវាងបញ្ហា ដែលបណ្តាលឲ្យមានឆ្លងចរន្ត តុស្សសេចរន្តអគ្គីសនីនៅក្នុងផ្ទះ។

លើសពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាឲ្យស្ថាប័នរដ្ឋ ឯកជន និងអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនចាត់វិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់កេហដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារជាដើមឲ្យមានការប្រុងប្រយ័ត្ន គ្រប់ពេលចំពោះដើមចម ដែលអាចបង្កកើតមានអគ្គីភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើងសម្រាប់ ភ្លើងព្រៃ បារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ។

​របាយការណ៍ ឧត្តមសេនីយ៍ឯក សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ​បានបញ្ជាក់ថា ឆ្នាំ២០១៥ នៅទូទាំងប្រទេស មានអគ្គីភ័យបានកើតឡើងកើនដល់១៥ភាគរយ ធៀបនឹងឆ្នាំ២០១៤ ពោលគឺឆ្នាំ២០១៥​ មានអគ្គីឆាបឆេះកើតឡើង ក្នុងចំណោម៥៩០លើកនោះ បានបណ្តាលឲ្យមនុស្សស្លាប់៣៥ស្លាប់ របួស២៨នាក់ ឆេះផ្ទះ៥៩៥ខ្នង ឆេះតូបផ្សា៤២១តូប ឃ្លាំងស្តុក២ យានដ្ឋាន២ ក្លឹបកំសាន១ រថយន្ត១៨គ្រឿង គោយន្ត១០គ្រឿង។ សម្រាប់ឆាបឆេះនោះ បង្កដោយកត្តាឆ្លងអគ្គីសនី៤៧.៦២ភាគរយ កត្តាធ្វេសប្រហែសចំនួនជិត២៨ភាគរយ និងឆេះដោយកត្តាផ្សេងៗ រួមមានឆេះបង្កភ្លើងធូប គ្រឿងផ្ទុះ ចង្រ្កាន ដុតសំរាម ផ្សាដែក​ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម មានប្រមាណ២៤ភាគរយ។

លោក សួស អង្គារ៍បញ្ជាក់ថា ជាវិធានការត្រៀមបង្ការគ្រោះអគ្គិភ័យ បច្ចុប្បន្ននគរបាលជាតិ មានរថយន្ត១២៨គ្រឿង ដាក់ពង្រាយនៅលើគោលដៅ ពន្លត់អគ្គីភ័យចំនួន៤៣គោលដៅ មានរថយន្តរបស់បណ្តាស្ថាប័នរដ្ឋ២៥គ្រឿង មានស្ថានីយពន្លត់អគ្គីភ័យ១១គោលដៅ មានរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនឯកជន៥៧គ្រឿង លើស្ថានីយពន្លត់២៧គោលដៅ។ រាជរដ្ឋាភិបាលកម្ពុជា តាមគ្រោងនឹងបន្ថែមរថយន្តពន្លត់អគ្គិភ័យរដ្ឋ នាឆ្នាំខាងមុខប្រមាណ២០០គ្រឿងបន្ថែមទៀត៕