(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ យោងតាម Facebook របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមការងារអគ្គិសនីកម្ពុជា បានដាក់ខ្សែកាប កម្លាំង 22KV កប់ក្រោមបាតទន្លេមេគង្គលើ ពីខណ្ឌជ្រោយចង្វាទៅកោះដាច់ និងកោះឧញាតី បានធ្វើរួចរាល់ហើយ នឹងបន្តទៅកាន់ ឃុំព្រែកលួង ស្រុកកណ្តាល ខេត្តកណ្តាលបន្តទៀត។
អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ឲ្យដឹងថា៖ ការបញ្ជូនប្រភពចរន្តអគ្គិសនីពីរាជធានីភ្នំពេញ តាមរយៈការដាក់ខ្សែកាបកប់បាតទន្លេ ពីខណ្ឌជ្រោយចង្វារ ទៅកោះដាច់ និងកោះឧកញ៉ាតី កន្លងមកថ្មីៗនេះ មិនត្រឹមតែអាចដោះស្រាយការផ្គត់ផ្គង់អគ្គិសនី ឲ្យកោះទាំង២នេះប៉ុណ្ណោះទេ ពេលនេះប្រភពចរន្តអគ្គិសនីនេះ ត្រូវបានបញ្ជូនបន្ត ឆ្លងទន្លេមេគង្គ លើ១ជាន់ទៀត ដើម្បីយកទៅដោះស្រាយការផ្គត់ផ្គង់អគ្គិសនីឲ្យឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំ នៃស្រុកខ្សាច់កណ្តាល ព្រមទាំងឃុំអរិយក្សត្រ និងឃុំសារិកាកែវ របស់ស្រុកល្វាឯម។
សូមជំរាបថា បច្ចុប្បន្នក្រុមការងារ បានដាក់ខ្សែកាប 22KV កប់បាតទន្លេមេគង្គលើ បន្តពីកោះឧញាតីទៅ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ត្រើយខាងកើតនៃទន្លមេគង្គ លើរបស់អគ្គិសនីកម្ពុជា បានធ្វើរួចរាល់ហើយ។
ដូច្នេះបន្តិចទៀតអគ្គិសនីកម្ពុជា នឹងពង្រីកការបញ្ជូនប្រភពចរន្តអគ្គិសនីនេះ ទៅឲ្យឃុំនានា នៅត្រើយខាងកើតទន្លេមេកុង ដូចជា ឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ព្រមទាំងឃុំអរិយក្សត្រ និងឃុំសារិកាកែវ របស់ស្រុកល្វាឯម សង្ឃឹមថា ឃុំទាំងនេះនឹងទទួល បានប្រភពអគ្គិសនីដ៏ស្ថេរភាពបន្ថែម នៅពេលឆាប់ៗនេះ និងបានទទួលការបន្ថយថ្លៃអគ្គិសនី មក៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង នៅចុងខែមីនា ខាងមុខនេះដូចគេដែរ៕