(កំពត)៖ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដកំពត បានស្នើសុំឲ្យសមាជិកថ្មីទាំងអស់ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ប្រកាន់ជំហរភាពស្មោះត្រង់បក្ស ដោយសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ ដើម្បីរួមដំណើរជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត។
ការបែបនេះ របស់លោកអភិបាលខេត្ត ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និងលោក នឹម ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត ចូលរួមជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មី ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជុំគិរី ប្រមាណ ៦២៩នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅមន្ទីរគណបក្សស្រុកជុំគីរី។
ប្រធានគណបក្សកម្ពុជាខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន នឹងបណ្ដាសមិទ្ធផលនានា ដ៏វិសេសវិសាល ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិយើង បានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព បរិយាប័ន សមធម៌ ដោយសម្រេចបាននូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងពុំអាចនឹកស្មានដល់។
ជាមួយគ្នានេះដែរ លោក ជាវ តាយ បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយក្ដីសង្ឃឹមយ៉ាងសុខដុមរមនាក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ នឹងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពិសេសក្នុងដំណាក់កាលថ្មីនៃប្រទេសជាតិ ជួបវិបត្តិជាសកលនៃជំងឺឆ្លង កូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើចំណាត់ការដោះស្រាយប្រកបដោយប្រសិទ្ធភាព ពុំមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជំងឺដ៏កាចសាហាវនេះឡើយ។
លោកបានបន្ថែមថា ដើម្បីជាការឆ្លើយតប ចំពោះគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព និងសមទ្ធិផល ដោយការលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ធ្វើជាដើមទុន គឺគណធិបតី បានស្នើសុំដល់សមាជិកសមាជិកា ពិសេសសមាជិកដែលទើបតែបញ្ចូលថ្មីនេះត្រូវតែមានភាពស្មោះត្រង់ និងខិតខំប្រតិបត្តិ រក្សាទំនាក់ទំនងល្អ ជាមួយប្រជាជន នឹងខិតខំថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិ មាតុភូមិ។
ក្នុងឱកាសនោះ លោក ជាវ តាយ ប្រធានគណបក្សកម្ពុជាខេត្តកំពត បានជូនថវិកា ដល់សមាជិក សមាជិកាគណបក្សដែលទើបបញ្ចូលថ្មីសរុបចំនួន ៦២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងជូនគណបក្សស្រុកចំនួន ១លានរៀលផងដែរ៕