(កូឡាឡាំពួរ)៖ ក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវផលិតផលអេឡិចត្រូនិក ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាច្រើននៅក្នុងកម្មវិធីគ្រឿងអេឡិចត្រូនិក ២០១៦ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ផលិតផល ដែលត្រូវបានដាក់បង្ហាញក្នុងកម្មវិធីនោះរួមមាន៖ ទូរទស្សន៍ SUHD ស៊េរីថ្មី ម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលរចនាថ្មី និងទូរទឹកកក ដែលប្រើអ៊ីនធឺណែតជាដើម។
លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung អេឡិចត្រូនិក ប្រចាំនៅកម្ពុជា ដែលមានវត្តមាននៅក្នុងកម្មវិធីនោះបានឲ្យដឹងថា៖ «យើងតែងតែយកចិត្តទុកដាក់ចំពោះអ្វីដែលជា តម្រូវការរបស់អតិថិជន ហើយខិតខំបំពេញតម្រូវការទាំងនោះជាមួយផលិតផលថ្មីៗ ដែលមានការច្នៃប្រឌិតខ្ពស់ ដោយអ្នកឯកទេសជំនាញៗជាច្រើននាក់។ ឆ្នាំនេះមិនខុសពីឆ្នាំកន្លងទៅ យើងមានផលិតផលថ្មីៗជាច្រើនទៀត ដែលអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់លោកអ្នកផងដែរ»។
ទូរទស្សន៍ Samsung SUHD ស៊េថ្មី អាចឲ្យអ្នកទស្សនារូបភាពច្បាស់ត្រជាក់ភ្នែកទោះជានៅកន្លែងដែលមានពន្លឺភ្លឺ ចិញែ្ចងចិញ្ចាញជាមួយនឹងអេក្រង់កោងគ្មានគែមដែលជារបកគំហើញថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់ទូរទស្សន៍មួយនេះអាចឲ្យលោកអ្នកមើលទូរទស្សន៍ លេងហ្គេម ប្រើអ៊ីនធឺណែត និងប្រើកម្មវិធីជាច្រើន ទៀតតាមរយៈ តេលេបញ្ជា ឬក៏ទូរស័ព្ទដៃជាដើម។
ចំណែកឯម៉ាស៊ីនបោកសម្លៀកបំពាក់ AddWash អាចឲ្យលោកអ្នកដាក់បន្ថែមសម្លៀកបំពាកពេលណាក៏បាន ដោយមិនបាច់ចាក់ទឹកចេញដើម្បីបើកទ្វារនោះឡើយ។ លើសពីនេះទៀត លោកអ្នកក៏អាចដាក់សម្លៀកបំពាក់ដែល បោកសាប៊ូហើយ ចូលទៅក្នុងម៉ាស៊ីនដើម្បីលាងសម្អាតផងដែរ។ ម្យ៉ាងទៀតលោកអ្នកក៏អាចដាក់ទឹកក្រអូបចូលក្នុង ម៉ាស៊ីនបានគ្រប់ពេលទោះជាម៉ាស៊ីនកំពុងដំណើរក៏ដោយ។
របកគំហើយថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung នោះគឺជាទូរទឹកកកភ្ជាប់អ៊ីនធឺណែតបានសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ។ ទូរទឹកកកនេះមានឈ្មោះថា Family Hub ។ វាមានភ្ជាប់មកជាមួយនូវអេក្រង់ទូរទស្សន៍ទំហំ 21,5 អ៊ីន នៅជាប់នឹងផ្នែកខាងក្រៅនៃទ្វារ ដែលលោកអ្នកអាចចែករំលែករូបភាពស្អាត កំណត់ហេតុ និង កាលវិភាគជាដើមជាមួយនិងអ្នកដ៏ទៃបានយ៉ាងងាយ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចពិនិត្យមើលថា មានអ្វីខ្លះនៅក្នុងទូរទឹកកកទោះជាលោកអ្នកមិននៅផ្ទះក៏ដោយ។
លោកអ្នកគ្រាន់មើលតាមទូរស័ព្ទដៃរបស់ លោកអ្នកជាការស្រេច។ មានកម្មវិធីកម្សាន្តជាច្រើនទៀតដែលលោកអ្នក អាចប្រើជាមួយទូរទឹកកកមួយនេះបាន។ ក្រៅពីផលិតផលទាំងនេះ Samsung ក៏មានដាក់បង្ហាញផលិតជាច្រើនទៀតនៅក្នុងកម្មវិធីគ្រឿងអេឡិចត្រូនិក ២០១៦ ក្នុងប្រទេសម៉ាឡេស៊ី។ សម្រាប់អតិថិជននៅក្នុងប្រទេសកម្ពជា លោកអ្នកនឹងអាចជាវគ្រឿងអេឡិចត្រូនិកទាំងនេះ នាពេលឆាប់ៗ៕