(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចាត់ទុកការចេញផ្សាយរបស់សារព័ត៌មានអូស្ត្រាលី បង្ហាញពីការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាការផ្តល់យុត្តិធម៌សម្រាប់កិច្ចប្រឹងប្រែងរបស់កម្ពុជា។
សារព័ត៌មាន SBC របស់អូស្ត្រាលី នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានចេញអត្ថបទមួយបង្ហាញពីចំណាត់ការ និងវិធានការមួយចំនួន ដែលនាំឱ្យកម្ពុជាទទួលបានប្រសិទ្ធខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រយៈពេលជាងមួយឆ្នាំកន្លងទៅ ហើយមិនមានករណីស្លាប់នោះឡើយ។
ក្នុងការចេញផ្សាយ SBC បានដកស្រង់មន្ត្រីជំនាញសុខាភិបាលបរទេសមកបញ្ជាក់ពីស្ថានភាព និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី (Dr. Frances Daily) ដែលបានធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំហើយនោះ បានលើកឡើងថា ដំបូងឡើយមានការសង្ស័យលើតួលេខនៃករណីកូវីដ១៩នេះ។ ប៉ុន្តែលោកស្រី មានការជាក់ថា ជោគជ័យរបស់កម្ពុជា គឺមានពិតប្រាកដមែន។
ព័ត៌មាន SBC បានដកស្រង់សម្តីដើមរបស់លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី មកបញ្ជាក់ដូច្នេះថា «វាគួរឱ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំគិតថា យើងនឹងត្រូវបានសម្លាប់ដោយសារជំងឺកូវីដ១៩នៅទីនោះ ប៉ុន្តែបន្ទាប់ពីពីរទៅបីខែដំបូងនៃការរាតត្បាតវាបានបង្ហាញច្បាស់ថា គឺពិតជាមិនមានករណីជំងឺកូវីដ១៩ច្រើននោះទេ»។
ក្នុងអត្ថបទចុះផ្សាយដោយ SBC នេះ ក៏បានលើកបង្ហាញពីការដាក់ចេញនូវវិធានការគ្រប់គ្រង និងការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាហេតុធ្វើឱ្យជំងឺកូវីដ១៩ មិនរីករាលដាលខ្លាំង។
លោកស្រី ឱ វណ្ណឌី ន បានលើកឡើងថា នាពេលកន្លងទៅនេះ មានជនបរទេស ស្ថាប័នបរទេស រួមនិងសាធារណជនមួយចំនួនបានដាក់ការសង្ស័យថាកម្ពុជាលាក់លៀមទិន្នន័យជំងឺកូវីដ១៩ ដែលកើតមាននៅកម្ពុជា។ លោកស្រី បានចាត់ទុកការចេញផ្សាយរបស់ SBC គឺជាការផ្តល់យុត្តិធម៌សម្រាប់កម្ពុជា លើរឿងរ៉ាវជំងឺកូវីដ១៩នេះ។
លោកស្រី បានបញ្ជាក់ដូច្នេះ «ពាក់ព័ន្ធទៅនឹងការចុះផ្សាយអត្ថបទព័ត៌មានរបស់ប្រទេសអូស្ត្រាលីនេះ បង្ហាញពីការផ្តល់នូវភាពយុត្តិធម៌សម្រាប់កម្ពុជា និងការទទួលយកនូវការពិតដែលកម្ពុជាបានខិតខំក្នុងការទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩ បានល្អប្រសើរ ហើយដែលមានករណីវិជ្ជមានខ្លះ និងជាពិសេសគឺមិនមានអ្នកដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ដែលកន្លងមកនេះជនបរទេសមួយចំនួន ហើយក៏មតិមួយចំនួន ដែលលោកហាក់មានមន្ទិលសង្ស័យថា កម្ពុជាមានការលាក់លៀមនូវករណីឈឺ ក៏ដូចជាករណីស្លាប់»។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា «ឥឡូវនេះយុត្តិធម៌បានផ្តល់មកឱ្យកម្ពុជាពិតប្រាកដ ហើយក៏មានការទទួលស្គាល់ច្បាស់លាស់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានធ្វើល្អប្រសើរក្នុងការដាក់វិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នេះ»។
លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងដែរថា ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩នេះ មិនចំណុះលើប្រទេសតូច ប្រទេសធំ ប្រធានមានធនផ្នែកវេជ្ជសាស្ត្រខ្លាំង ឬខ្សោយតែមួយមុខនោះទេ តែវាក៏ត្រូវពឹងផ្អែកជាចម្បងទៅលើការដាក់ចេញវិធានការក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង និងអនុវត្តន៍នូវវិធានការទាំងឡាយនោះឱ្យមានប្រសិទ្ធភាព។
លោកស្រី បានលើកឡើងថា ប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជាទទួលបានជោគជ័យ គឺដោយសារតែការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវវិធានការច្បាស់លាស់ និងទាន់ពេលវេលាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។ បន្ថែមពីលើនោះក្រុមគ្រូពេទ្យទាំងគ្រូពេទ្យព្យាបាល និងគ្រូពេទ្យចុះរុករកគោលដៅ និងយកវត្ថុសំណាក សុទ្ធតែបានលះបង់កម្លាំងកាយចិត្ត និងត្រង់ត្រាប់ស្តាប់បទបញ្ជារបស់សម្តេចតេជោ ហើយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។
លើសពីនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ បានចូលរួមជាមួយគ្នាអនុវត្តន៍បានខ្ជាប់ខ្ជួនលើវិធានសុខាភិបាលទាំងឡាយ ដែលធ្វើឱ្យកម្ពុជាទទួលបានជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំ ប្រមុខដឹកនាំដ៏គំរូ ដែលនៅលើពិភពលោកនេះគេធ្លាប់បានលើកឡើង និងសរសេរក្នុងអត្ថបទវិភាគ និងស្រាវជ្រាវ ដែលបានចុះផ្សាយនៅទស្សនាវដ្តី ដែលមានទីស្នាក់ការចក្រភពអង់គ្លេស ហើយអង្គារសហប្រជាជាតិដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានធនធានវេជ្ជសាស្ត្រនៅមានកម្រិត តែបានអនុវត្តនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរមែនទែន។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងដូច្នេះ «អ៊ីចឹងនេះបានបង្ហាញថា សមត្ថភាពនៃការដឹកនាំ និងបញ្ញាវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺមិនអន់ មិនចាញ់ទៅនឹងបណ្តាប្រទេសនានាលើសកលលោក។ ជាពិសេសក៏មិនចាញ់ទៅនឹងបណ្តាប្រទេសដែលមានធនធានច្រើននោះទេ។ អ៊ីចឹងនេះឆ្លុះបញ្ចាំងឱ្យឃើញថា នៅក្នុងកាលៈទេសៈនៃការឆ្លើយតបទៅនឹងហានិភ័យ ឬឆ្លើយតបទៅនឹងការរាលដាលនៃជំងឺឆ្លង គឺជំងឺកូវីដ១៩នេះ វាមិនសំដៅលើប្រទេសមាន ឬប្រទេសក្រនោះទេ ប្រទេសខ្លាំង ឬប្រទេសខ្សោយនោះទេ ឬអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចនោះទេ អ្វីដែលសំខាន់ គឺការដឹកនាំដ៏ឈ្លាសវៃ ដែលមានការគិតគូរត្រឹមត្រូវ ហើយនិងការដាក់ចេញវិធានការត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ»។
សូមបញ្ជាក់ថា មកដល់ត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤០៥នាក់ និងអ្នកជំងឺ ៥៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន, ក្រសួងសុខាភិបាល ជាសេនាធិការ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់នៅកម្ពុជា បានប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ១៩។ ជាជោគជ័យសម្រាប់កម្ពុជានោះ អ្នកជំងឺកូវីដ១៩ ត្រូវបានព្យាបាលឱ្យជាឡើងវិញ ជាបន្តបន្ទាប់ ហើយមិនទាន់មានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ព្រឹត្តិការណ៍ធំៗជាច្រើនពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ត្រូវបានកម្ពុជាឆ្លងកាត់។ ក្នុងនោះព្រឹត្តិការណ៍ «២៨វិច្ឆិកា» ដែលជាការឆ្លងចូលសហគមន៍លើកដំបូងនៅកម្ពុជា គឺជាវិញ្ញាសារមួយធ្ងន់ធ្ងរសម្រាប់កម្ពុជា។ តែទីបំផុតកម្ពុជា បានកាត់ផ្តាច់ការសាយភាយ និងការចម្លងរហូតទទួលបានជោគជ័យ៕