(បាត់ដំបង)៖ លោក ហួត ច័ន្ទតារារិទ្ធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា មន្ទីរបានសម្រេចបើកទឹកពីអាងកំពីងពួយ ដើម្បីបង្ហូរជួយសង្រោះស្រូវរបស់ប្រជាពលរដ្ឋដែលរងការខ្វះខាតទឹក នៅក្នុងឃុំរូងជ្រៃ ចំនួន៧ថ្ងៃ ដែលមានចម្ងាយពីប្រភពទឹកដល់ទីតាំងស្រែមានប្រែវែង ២១គីឡូម៉ែត្រ។
ការសម្រេចបើកទឹកអាងកំពីងពួយនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្រ្តីប្រចាំការប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ គណៈកម្មាធិការសហគមន៍កសិករ ប្រើប្រាស់ទឹក អាងកំពីងពួយ ស.ក.ប.ទ អូរតាគី ស.ក.ប.ទ ជ្រៃ ស.ក.ប.ទ អន្លង់រុន ស.ក.ប.ទ ស្វាយអា លោកមេឃុំរូងជ្រៃ ស្រុកថ្មគោល មានមេភូមិ អនុភូមិប្រគាប និងប្រជាកសិករដែលស្នើសុំទឹក បានជួបប្រជុំពិភាក្សាគ្នា និងចុះពិនិត្យផ្លូវដែលត្រូវនាំទឹកទៅជួយសង្រ្គោះស្រូវដែលរងការខ្វះខាតទឹកនៅក្រៅតំបន់ផែនការដាំដុះស្រូវរដូវប្រាំង ដែលមន្ទីរធនធានទឹក និងឧតុនិយមបានកំណត់អនុញ្ញាតឱ្យធ្វើការស្តារឡើងវិញក្រោយពីជំនន់ទឹកភ្លៀង ឆ្នាំ២០២០កន្លងមក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញ។
បើតាមលោក ហួត ច័ន្ទតារារិទ្ធ បានឱ្យដឹងថា បន្ទាប់ពីគ្រោះទឹកជំនន់រដូវវស្សា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ដែលធ្វើឱ្យខូចខាតផលដំណាំស្រូវកសិករជាច្រើនហិកតាមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្តល់ស្រូវពូជដល់កសិករនៅតាមបណ្តាខេត្តនានា ដែលរងការខូចខាតស្រូវ ពិសេសខេត្តបាត់ដំបង ដើម្បីធ្វើការស្តារឡើងវិញក្រោយពីជំនន់ទឹកភ្លៀងឆ្នាំ២០២០ កន្លងមក។
លោកអនុប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ក្រោយពីបានទទួលស្រូវពូជស្រូវពីសម្តេចតេជោ ហ៊ុន សែន ហើយពួកគាត់បានប្រញាប់សាបព្រួសស្រូវសារឡើងវិញ តែមកទល់ដើមខែឆ្នាំ២០២១នេះ ដីស្រែកសិករមួយចំនួនត្រូវទទួលរងការខ្វះទឹកបង្ហូរស្រោចស្រពចូលក្នុងស្រែ ដើម្បីសង្រ្គោះស្រូវដែលមានទីតាំងស្រុកថ្មគោល ចំនួន៣១៥ហិកតា។
អនុធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាលទ្ធផលទទួលបាន គឺគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកអាងកំពីងពួយ និងមន្រ្តីប្រចាំការប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ បានសម្រេចផ្តល់ទឹក ដើម្បីជួយសង្រោះស្រូវរបស់ប្រជាពលរដ្ឋដែលរងការខ្វះខាតទឹកនៅក្នុងឃុំរូងជ្រៃ ចំនួន៧ថ្ងៃ ដែលមានចម្ងាយពីប្រភពទឹកដល់ទីតាំងស្រែមានប្រែវែង ២១គីឡូម៉ែត្រ»។
លោក ហួត ច័ន្ទតារារិទ្ធ បានបញ្ជាក់ថា មួយរយៈពេលកន្លងមកមន្ទីរជំនាញ ធនធានទឹក និងឧតុនិយមខេត្ត មិនដែលព្រងើយកន្តើយឡើយ គឺតែងតែបានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីជួយសម្រួល និងសង្រ្គោះដល់ប្រជាកសិករក្នុងការបង្ហូរទឹកចូលស្រែ ចម្ការ និងសម្រាប់ប្រើប្រាស់រហូតមកទៅតាមទីតាំងជាក់ស្តែងផងដែរ៕