(កំពង់ធំ)៖ សកម្មជន និងអ្នកគាំទ្រអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន១៧០នាក់ រស់នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ម្សិលមិញ ក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំសានគរ ស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោក ស្រី ស៊ីន ប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងលោកលោកស្រីជាសមាជិក សមាជិការគណបក្សឃុំជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ។
លោកស្រីបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយប្រកាន់ទោសអូសដំណើរនោះទេព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះដែលចាញ់បោកការឃោសនាភូតកុហករបស់គេ។
លោកស្រីបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាចាត់ទុកប្រជាពលរដ្ឋជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេ។
លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជាមានកម្មវិធីនយោបាយត្រឹមត្រូវ បានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត។
ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឱ្យគណបក្សប្រជាជន ហើយជៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់។
មួយវិញទៀត ត្រូវកសាងបក្សអប់រំសមាជិកថ្មីជួយឱ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត ឥឡូវបានរាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់ស៊ីជម្រៅចំណុចល្អពង្រឹងបន្ថែមបន្តទៀត។ រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឱ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើប្រជាពលរដ្ឋឱ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់សមាជិកទាំងអស់ត្រូវថែរក្សាសុខភាពពិសេសការពារជំងឺកូវីដ-១៩ ចូលរួមគោរពច្បាប់ចរាចរណ៍អប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំជំរុញកូនឱ្យខិតខំរៀនសូត្រឱ្យបានខ្ពស់ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន៕