(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំសហការី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយការខ្វះខាតទឹកជូនប្រជាពលរដ្ឋសម្រាប់ធ្វើស្រែបង្កើនផលស្រូវ ក្នុងតំបន់ស្ទឹងស្លាប់ និងតំបន់ក្អែកសុំបាយ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោក សុខ លូអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាបញ្ហាទឹក គឺជារឿងដែលសំខាន់បំផុតសម្រាប់ដំណាំកសិកម្មគ្រប់ពីប្រភេទជាពិសេសដំណាំស្រូវ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។
លោកបន្តថា បញ្ហានេះកើតឡើងដោយសារនៅឆ្នាំនេះទឹកនៅតំបន់ស្ទឹងស្លាប់ស្រក់លឿនពេកជាហេតុធ្វើឱ្យប្រជាពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ក្អែកសុំបាយ ប្រមាណ ២,០០០ហិកតា ខ្វះខាតទឹកផ្នែកខាងក្រោមមានការខ្វះខាតទឹកប្រើប្រាស់។
លោកអភិបាលខេត្តបានឱ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលប្រជាពលរដ្ឋត្រូវចេះចែករំលែកទឹកស្រោចស្រពឱ្យបានគ្រប់គ្នា ហើយបងប្អូនដែលបង្កបង្កើនផលនៅប្រឡាយសហគមន៍ផ្នែកខាងលើសូមធ្វើការយោគយល់ដល់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ដើម្បីឱ្យទឹកមកដល់ផ្នែកខាងក្រោមបានស្រោចស្រពដូចៗគ្នាដោយឈរលើផលប្រយោជន៍រួមទាំងអស់គ្នា។
ក្នុងនោះដែរលោក សុខ លូ បានអនុញ្ញាតឱ្យមានការកាត់ផ្តាច់នូវទំនប់ស្ទាក់ទឹក ដើម្បីឱ្យទឹកបានហូរធ្លាក់ទៅផ្នែកខាងក្រោមនិងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានធ្វើការស្តារប្រឡាយចាស់នៅចំណុចក្អែកសប្បាយមានប្រវែងជិត ៤គីឡូម៉ែត្រផងដែរ។ លោកបានបញ្ជាក់ថាខេត្តមានគម្រោងស្ថាបនាទំនប់ស្ទាក់ទឹកនៅតំបន់នេះរួចហើយ។
នាឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «កុំចង់រីកតែម្នាក់ឯងឱ្យគេរីកដុះដាលផងយើងជាពលរដ្ឋដូចគ្នាទេបាយមួយចានក៏ស៊ីឆ្អែតបាយកន្លះចានក៏ស៊ីឆ្អែតដែរ យ៉ាងមិចមិនចែកគ្នាស៊ី ឬចាំតែទល់បំពុងកបានចែកគេមែន»។
នាឱកាសនោះដែរ ប្រជាពលរដ្ឋនៅតំបន់ស្ទឹងស្លាប់ និងតំបន់ក្អែកសុំបាយ បានសម្តែងសេចក្តីរីករាយជាខ្លាំងដោយលើកឡើងថាការខ្វះខាតទឹកនេះកើតឡើងចំពេលដែលស្រូវរបស់ពួកគាត់តែងខ្លួនដែលត្រូវការបំប៉នដាក់ជី និងបាញ់ថ្នាំដើម្បីទទួលបានទិន្នផលហើយប្រជាពលរដ្ឋបន្តថាក្នុងមួយរដូវដីស្រែទាំងអស់នៅក្នុងតំបន់ក្អែកសុំបាយ អាចធ្វើបានតែមួយដង ប៉ុណ្ណោះ ព្រោះតំបន់នេះជាតំបន់ទំនៀបទឹកមិនងាយស្រកផុត និងឆាប់ជនមកវិញ, ប្រសិនបើខូចខាត នោះមិនអាចដាំដុះស្តារឡើងវិញបាននោះទេ។
ប្រជាពលរដ្ឋថ្លែងអំណរគុណអាជ្ញាធរខេត្តជាពិសេស លោក សុខ លូ ដែលជួយដោះស្រាយបញ្ហាទឹកភ្លាមៗដល់ពួកគាត់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋជួបបញ្ហា៕