(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយមី១ពាន់កេសថែមទៀត ដល់ខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ករបស់ពលករមកពីប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកមិញ។
ជំនួយមី១ពាន់កេសនេះ ត្រូវបានក្រសួងសុខាភិបាល ចាត់ចែងដឹកទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យនៅថ្ងៃនេះផងដែរ។
ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕